Friday, November 8, 2013

សកម្មជន​បំបួស​ដើម​ឈើ​ទប់​ការ​កាប់​បំផ្លាញ​ព្រៃ



ភ្នំពេញ ប៉ុស្តិ៍

131108_01a
ព្រះ​សង្ឃ​ និង​សកម្ម​ជន​​បំបួស​ដើម​ឈើ នៅ​តំបន់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​អា​​រ៉ែង កាល​ពី​ថ្ងៃ​ពុធ​​ ដើម្បី​​ផ្ញើ​សារ​ឲ្យ​​រដ្ឋាភិបាល បញ្ឈប់​គម្រោង​សង់​ទំនប់​ដែល​បំផ្លាញ​ធន​ធាន​ធម្ម​ជាតិ​។ រូបថត សហ​ការី
កោះកុងៈ ព្រះសង្ឃ និង​ក្រុម​និស្សិត​ជាង ៧០ អង្គ-នាក់ បាន​ធ្វើ​វេទិកា​សហគមន៍ និង​បំបួស​ដើមឈើ​ជាង ១០០ ដើម នៅ​ស្ទឹង អារ៉ែង ក្នុង​ស្រុក ថ្មបាំង ដើម្បី​បញ្ជ្រាប​ចំណេះ​ដឹង​ដល់​សហគមន៍ ពី​ផល​ប៉ះពាល់​នៃ​គម្រោង​សាង​សង់​ទំបន់​វារី​អគ្គិសនី អារ៉ែង និង​អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​គម្រោង​ក្រុមហ៊ុន​ចិន ដែល​ធ្វើ​ឲ្យ​វិនាស​អន្តរាយ​ដល់​ធនធាន​ធម្មជាតិ​ក៏​ដូចជា​សត្វ​ព្រៃ កម្រ​ជាច្រើន​ប្រភេទ​នេះ។
វេទិកា​សហគមន៍​និង​ការ​បំបួស​ដើម​ឈើ ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ​ថ្មីៗ​នេះ ត្រូវ​បាន​ដឹក​នាំ​ដោយ​ព្រះសង្ឃ ព្រះនាម ប៊ុត ប៊ុនតិញ ព្រះជន្ម ៣៤ ព្រះវស្សា ជា​ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម។ ព្រះសង្ឃ​និង​ក្រុម​និស្សិត បាន​និមន្ត និង​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង លើ​ចម្ងាយ​ផ្លូវ​ចំនួន ៦៤ គីឡូម៉ែត្រ​ទាំង​ទៅ ទាំង​មក ចូល​ទៅ​កាន់​ស្ទឹង អារ៉ែង ដែល​ស្ថិត​នៅ​ក្នុង​ស្រុក ថ្មបាំង។
ព្រះតេជ គុណ ប៊ុត ប៊ុនតិញ បាន​មាន​សង្ឃដីកា​ថា ក្រុម​អ្នក​ចូល​រួម បាន​ធ្វើ​ធម្មយាត្រា​ជួប​ប្រជា​ពលរដ្ឋ​នៅ​តាម​គេហដ្ឋាន​នីមួយៗ ហើយ​បាន​បំបួស​ដើម​ឈើ​ចំនួន ១១៥ ដើម។ ព្រះអង្គ​មាន​ថេរ​ដីកា​ថា៖ «យើង​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​សហគមន៍​ឲ្យ​បាន​យល់​ពី ផល​ប៉ះពាល់​នៃ​ទំនប់​អគ្គិសនី​ចិន​នេះ ហើយ​ការ​បំបួស​ដើម​ឈើ គឺ​ដើម្បី​ការពារ​ព្រៃ​ឈើ​និង​បរិស្ថាន​កុំ​ឲ្យ​ក្រុមហ៊ុន​ចិន​បំផ្លាញ»។
ព្រះតេជគុណ ប៊ុនតិញ បន្ត​ថា ប្រជា​សហគមន៍ អាច​នឹង​ទទួល​បាន​ផល​ប្រយោជន៍​តិច​តួច​ណាស់ ពី​គម្រោង​ទំនប់​វារី​អគ្គិសនី​នេះ ប៉ុន្តែ​ពួក​គាត់​ទទួល​ផល​ប៉ះពាល់​វិញ​គឺ​ធ្ងន់​ធ្ងរ​ណាស់។ ចំពោះ​សំណង ១០០ ឬ ២០០ ដុល្លារ និង​ដី​មួយ​កន្លែង​វិញ​វា​ស្ទើរ​តែ​មិន​អាច​យក​ទៅ​រុះ​រើ​ផ្ទះ​បាន​ផង។ នេះ​មិន​ទាន់​គិត​ពី​ថ្លៃ​សាង​សង់​ផ្ទះ​ផង​ទេ។ ព្រះអង្គ​ថា៖ «ប៉ះពាល់​ទីមួយ​គឺ​មនុស្ស ទីពីរ​គឺ​ធនធាន​ធម្មជាតិ និង ទី៣ គឺ​ប្រទេស​តែ​ម្តង ព្រោះ​មាន​តែ​កន្លែង​នេះ​ទេ ដែល​នៅ​មាន​ធនធាន​ធម្មជាតិ​ច្រើន​បែប​នេះ។ យើង​នឹង​បាត់​បង់​វា​អស់។ សូម​មើល​ភ្នំ បូកគោ នៅ​ខេត្ត កំពត ជា​ឧទាហរណ៍​ស្រាប់។ បន្ទាប់​ពី​អភិវឌ្ឍ​ហើយ ឥឡូវ​វា​ក្លាយ​ជា​ឋានសួគ៌​សម្រាប់​អ្នក​មាន។ មិន​សម្រាប់​ពលរដ្ឋ​ទូទៅ​នោះ​ទេ។ វា​អាក្រក់​ខ្លាំង​ណាស់​សម្រាប់​ជាតិ និង​ពលរដ្ឋ​យើង»។ ព្រះអង្គ​សង្ឃឹម​ថា គម្រោង​នេះ​នឹង​បញ្ឈប់ ហើយ​បើ​មិន​ដូច្នេះ​ទេ «អាត្មា​នឹង​នៅ​ទីនេះ​ដើម្បី​បូជា​ជីវិត សម្រាប់​ជន​រួម​ជាតិ​យើង​ទាំង​អស់​គ្នា ព្រោះ​បើ​រស់​នៅ​បាន​សុខ​តែ​ឯង ហើយ​ជន​រួម​ជាតិ​ផ្សេង​ទៀត​មាន​គ្រោះ​មិន​ជួយ​នោះ វា​គ្មាន​ន័យ​សម្រាប់​រូប​អាត្មា​ទេ»។
ព្រះអង្គ​មាន​សង្ឃ​ដីកា​ផង​ដែរ​ថា បន្ទាប់​ពី​ធ្វើ​វេទិកា​សហគមន៍​នោះ​ចប់​ព្រះអង្គ​គ្រោង​នឹង​ធ្វើ​ការ​ប្រមូល ផ្តុំ​ព្រះសង្ឃ​រាប់​រយ​ពាន់​អង្គ​និង​ជន​រួម​ជាតិ​ទាំង​អស់​ធ្វើ​ យុទ្ធនាការ​រួម​គ្នា​គ្រប់​ទីកន្លែង​ដើម្បី​ហែ​ក្បួន​ពី វត្តភ្នំ ទៅ​ស្ថានទូត ចិន ក្នុង​គោល​បំណង​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល កម្ពុជា និង ចិន កុំ​ឲ្យ​បន្ត​ធ្វើ​ទំនប់​នោះ​ទៀត។
ប្រជា​សហគមន៍​ដែល​ជា​គ្រូ​បង្រៀន​ម្នាក់​លោក សុខ រស្មី បាន​ឲ្យ​ដឹង​ថា សហគមន៍​លោក​មិន​ទាន់​បាន​ទទួល​សេចក្តី​ជូន​ដំណឹង​ណា​មួយ​ពី​គម្រោង​សាង​សង់​ ទំនប់​នោះ​ទេ ប៉ុន្តែ​ពួក​លោក​បាន​ឃើញ​ជនជាតិ ចិន ចុះ​ទៅ​សិក្សា​នៅ​ក្នុង​មូលដ្ឋាន​នោះ​ពីរ បី​ដង​មក​ហើយ។ លោក​ថ្លែង​ថា៖ «កន្លែង​នេះ មាន​ធម្មជាតិ​ច្រើន​ប្រភេទ​ល្អ​ណាស់ និង​ផ្តល់​សេចក្តី​សុខ​ដល់​យើង។ តែ​ខ្ញុំ​ពិត​ជា​បារម្ភ​ខ្លាំង​ណាស់​ពេល​ដឹង​ពី​គម្រោង​នេះ»។
លោក អ៊ិន គង់ជិត អ្នក​សម្រប​សម្រួល​អង្គការ លីកាដូ បាន​ឲ្យ​ដឹង​ថា តំបន់​ស្ទឹង អារ៉ែង លាត​សន្ធឹង​ក្នុង​ឃុំ ជំនាប់ ឃុំ ប្រឡាយ និង​ឃុំ ថ្មដូនពៅ ស្រុក ថ្មបាំង។ លោក​ថា តំបន់​នេះ​សម្បូរ​ធនធាន​ធម្មជាតិ​ច្រើន​ប្រភេទ ហើយ​មាន​ភ្នំ​ជុំវិញ។ ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​នៅ​ទី​នោះ ជា​ជនជាតិ​ដើម​ភាគ​តិច។ លោក គង់ជិត បាន​បញ្ជាក់​ថា៖ «ពលរដ្ឋ​ជាង ៣៨០ គ្រួសារ​នឹង​ត្រូវ​រើ​ចេញ ហើយ​ព្រៃ​អារក្ស ដូនតា​ជនជាតិ​ដើម និង​សត្វ​កម្រ​នឹង​ត្រូវ​ប៉ះពាល់»។
បណ្តាញ​សង្គម Facebook មួយ​ឈ្មោះ​ថា Mother Nature Cambodia ដែល​មាន​អ្នក​ចុច Like ជាង ១ ម៉ឺន​នាក់​បាន​បង្កើត​ឡើង​ដោយ​ព្រះសង្ឃ​ដើម្បី​យុត្តិធម៌​ធម្មជាតិ កំពុង​ធ្វើ​សកម្មភាព​អំពាវនាវ​ឲ្យ​បញ្ឈប់​គម្រោង​នេះ​បាន​សរសេរ​ថា ការ​អភិវឌ្ឍ​វារី​អគ្គិសនី​នៅ អារ៉ែង ត្រូវ​ការ ការ​ពិចារណា​ម្តង​ទៀត ពីព្រោះ​ថា វា​នឹង​បំផ្លាញ​ជម្រក​ដ៏​សំខាន់​ជាង​គេ​នៅ​លើ​ពិភពលោក​របស់​សត្វ ក្រពើ​ភ្នំ និង​បំផ្លាញ​ព្រៃ​ការពារ​ភ្នំ ក្រវាញ ភាគ​កណ្តាល CCPF ចំនួន ១ ម៉ឺន​ហិកតា​ដែល​ជា​ជម្រក​របស់​ពពួក​សត្វ​កម្រ​មាន​ចំនួន ៣១ ប្រភេទ ជា​ពិសេស ដំរី និង ត្រីនាគ។ លើស​ពី​នេះ ផ្លូវ​ចូល​និង​បណ្តាញ​បញ្ជូន​អគ្គិសនី​នឹង​ឆ្លង​កាត់​តាម CCPF ដែល​នឹង​បង្កើត​ឲ្យ​មាន​ច្រក​ចូល​សម្រាប់​អ្នក​កាប់​ព្រៃ​ឈើ​និង​អ្នក​បរ​ បាញ់ ព្រម​ទាំង​នឹង​ធ្វើ​ឲ្យ​ទឹក​អាង​ទំនប់​ជន់​លិច​ដល់​ភូមិ​ទាំង ៩ របស់​ជនជាតិ​ភាគ​តិច ដី​ស្រែ​ចម្ការ​និង​ព្រៃ​ជា​ទីសក្ការ: របស់​ពួក​គេ។ល។
ក្រុមហ៊ុន​ចិន ដែល​មាន​គម្រោង​សាង​សង់​ទំនប់​នៅ​ស្ទឹង អារ៉ែង នោះ បាន​ផ្ទេរ​គម្រោង​ពី​ក្រុមហ៊ុន​មួយ​ទៅ​មួយ​ទៀត ហើយ​ក្រុមហ៊ុន​ដែល​កំពុង​សិក្សា​នា​ពេល​បច្ចុប្ប​នេះ​ឈ្មោះ​ថា China Guodian។
ទោះ​យ៉ាង​ណា លោក ស៊ុន ដារ៉ា អភិបាល​រង​ខេត្ត កោះកុង បាន​ថ្លែង​ថា សាលា​ខេត្ត មិន​ទាន់​ដឹង​ពី​គម្រោង​សាង​សង់​ទំនប់​នោះ​ច្បាស់​លាស់​ទេ បើ​ទោះ​បី​ជា​កន្លង​មក លោក​ធ្លាប់​បាន​ចុះ​ទៅ​ពិនិត្យ​ស្ទឹង អារ៉ែង ក៏​ដោយ។ លោក​បាន​ថ្លែង​ថា៖ «ពី​មុន​មាន​ក្រុមហ៊ុន​ចិន​មក​សិក្សា​តែ​បាន​ផ្តេរ​ទៅ​ក្រុមហ៊ុន​មួយ​ទៀត​ ហើយ។ ខ្ញុំ​ជា​អាជ្ញាធរ​នៅ​ថ្នាក់​ក្រោម​បាត់​ដំណឹង​ឈឹង​ពី​គម្រោង​នេះ»។
លោក ទឹង ស៊ីនី អគ្គ​នាយក​នៃ​អគ្គ​នាយដ្ឋាន​ឧស្សាហកម្ម​នៃ​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ៕

No comments:

Post a Comment