ទស្សនៈពលរដ្ឋចំពោះនិមិត្តរូបនៃខេត្តពោធិ៍សាត់
រូបសំណាកផ្ដិលខាត់ដែលជានិមិត្តរូបនៃខេត្តពោធិ៍សាត់ ទើបតែបានកសាងរួចនៅពាក់កណ្ដាលខែមករា ឆ្នាំ២០១៤។ និមិត្តរូបនេះត្រូវបានប្រជាពលរដ្ឋក្នុងនិងក្រៅខេត្តយល់ឃើញខុសៗ គ្នា ក៏ប៉ុន្តែអ្នកស្រុកមួយចំនួនដែលរស់នៅក្បែរនោះមិនដឹងច្បាស់នូវ វត្ថុបំណង និងមូលហេតុពិតប្រាកដនៃការកសាងរូបសំណាកផ្ដិលខាត់នេះឡើយ។ដោយ ជិន ជេដ្ឋា
2014-01-23
RFA
ស្ដាប់ ឬ ទាញយកសំឡេង
រូបសំណាកផ្ដិលធ្វើអំពីថ្មកែវ ជានិមិត្តរូបនៃខេត្តពោធិ៍សាត់។ RFA/Chin Chetha
តើអាជ្ញាធរនិងថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ មានមូលដ្ឋានអ្វីខ្លះក្នុងការសម្រេចចិត្តកសាងរូបសំណាកនេះឡើង ហើយប្រជាពលរដ្ឋយល់ឃើញយ៉ាងណាដែរចំពោះរូបសំណាកថ្មីនេះ?
ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥កាត់តាមខេត្តពោធិ៍សាត់ ស្ទើរតែគ្រប់គ្នា អាចមើលឃើញរូបសំណាកផ្ដិលខាត់ដ៏ធំមួយដែលត្រូវបានគេធ្វើឡើង និងដាក់តាំងនៅចំចំណុចពាក់កណ្ដាលទ្រូងផ្លូវក្នុងចន្លោះ គីឡូម៉ែត្រលេខ៥ ចម្ងាយប្រមាណជា ៤គីឡូម៉ែត្រភាគខាងកើតពីទីរួមខេត្តពោធិ៍សាត់។ អ្នកដែលបានក្រឡេកឃើញភ្លាម ខ្លះក៏លាន់មាត់កោតសរសើរ និងខ្លះទៀតបែរជាពោលពាក្យរិះគន់ថា រូបសំណាកនេះស្រដៀងទៅនឹងផ្ដិលសុំទាន ឬកោដ្ឋសម្រាប់ដាក់អដ្ឋិធាតុទៅវិញ។
អាជីវករលក់ដូរនៅក្រុងពោធិ៍សាត់ បានឲ្យដឹងស្រដៀងគ្នាថា ពួកគាត់មិនបានយល់ច្បាស់អំពីខ្លឹមសារនៃរូបសំណាកនេះឡើយ ហើយប្រសិនបើអាជ្ញាធរមានបំណងក្នុងការរចនាម៉ូដផ្ដិលខាត់នេះឡើង ដើម្បីជានិមិត្តរូបរបស់ខេត្តនោះ គួរតែជំនួសទៅវិញដោយដើមពោធិ៍ ឬរូបសំណាករបស់អ្នកតាឃ្លាំងមឿងវិញទើបប្រសើរ៖ «អត់ដឹងថា គេដាក់ដើម្បីអីទេពូ! គ្រាន់តែធ្វើរង្វង់មូលដាក់រូបផ្ដិលហ្នឹងដើម្បីដឹងថា ឡានយើងទៅពីខាងនេះ យើងជិះខាងនេះគេមកពីខាងនោះ គេជិះខាងនោះហ្នឹង គ្រាន់តែដឹងថាអ៊ីចឹង។ ដូចបងសួរខ្ញុំអំបាញ់មិញថា ដើមពោធិ៍ និងផ្ដិលចង់ដាក់មួយណា? តែនេះខ្ញុំគិតថា ម្យ៉ាងម្នាក់បង! នេះគឺជាផ្ដិលតំណាងឲ្យថ្មកែវ ប្រចាំខេត្តពោធិ៍សាត់ សម្បូរដោយថ្មកែវ ម្ល៉ោះហើយគេដាក់ជាផ្ដិលតំណាងខេត្ត។ ដាក់ហ្នឹងអត់ត្រូវទេ ប៉ុន្តែយើងឃើញអាហ្នឹងយើងថា ជិតដល់ទីរួមខេត្តពោធិ៍សាត់ ហ្នឹង»។
ប្រភពព័ត៌មានពីមន្ត្រីក្រុមប្រឹក្សាខេត្តពោធិ៍សាត់ម្នាក់ ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះឲ្យដឹងថា នៅអំឡុងឆ្នាំ២០១៣ មន្ត្រីក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ បានប្រជុំផ្សព្វផ្សាយ និងសម្រេចថានឹងកសាងរូបសំណាកផ្ដិលខាត់នេះឡើង ដើម្បីបង្ហាញអំពីសក្ដានុពលនៃធនធាន និងមុខចម្លាក់ថ្មកែវ នៅក្នុងខេត្តទាំងមូល។ នៅរាល់កិច្ចប្រជុំទាក់ទងនឹងបញ្ហានេះ អ្នកចូលរួមតែងតែមានគំនិតផ្ទុយគ្នាដែលបង្កឲ្យមានការលំបាកដល់ ការសម្រេចចិត្តថា តើត្រូវដាក់រូបសំណាកណាមួយឲ្យសមទៅនឹងកិត្តិនាមរបស់ខេត្ត ពោធិ៍សាត់។ នៅក្នុងនោះមានជម្រើសចំនួនបីសំខាន់ៗ គឺរូបសំណាករបស់អ្នកតាឃ្លាំងមឿង ផ្ដិលខាត់ និងរូបសំណាកដើមពោធិ៍។
ចំណែកប្រជាពលរដ្ឋម្នាក់រស់នៅសង្កាត់រលាប ក្រុងពោធិ៍សាត់ លោក ស៊ឹម ធាង មានប្រសាសន៍ថា លោកគាំទ្រនូវគំនិតផ្ដួចផ្ដើមយករូបផ្ដិលខាត់នេះ ក៏ប៉ុន្តែលោកមិនសប្បាយចិត្តចំពោះការរចនាម៉ូដ និងលាបពណ៌មិនស៊ីទៅនឹងចិញ្ចៀនដាំត្បូងភរិយារបស់អ្នកតា ឃ្លាំងមឿង ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើទឹកដីខេត្តពោធិ៍សាត់ កាលពីសម័យដើម៖ «ម្រាមដៃពីរពាក់ត្បូងពីរពណ៌ខុសគ្នា ប៉ុន្តែគេអ្នកឆ្លាក់ហ្នឹងគេរើសថ្មយ៉ាងម៉េចបានឲ្យម្រាមដៃដែល បំពាក់ត្បូងហ្នឹងពណ៌ផ្សេងគ្នាមួយខៀវ មួយក្រហម ប៉ុន្តែលាបថ្នាំមួយពណ៌អ៊ីចឹងមិនហៅថ្មកែវទេ»។
ទាក់ទងនឹងការលើកឡើងរបស់ប្រជាពលរដ្ឋនេះ ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ លោក ឆាយ សារ៉េត មានប្រសាសន៍ថា អាជ្ញាធរកំពុងតែពិចារណាបន្ថែមទៀតដែរក្នុងការកែលំអពណ៌ និងគម្រោងកសាងរូបសំណាកចាំបាច់ដែលតំណាងឲ្យខេត្តមួយចំនួនទៀត ដូចជាដើមពោធិ៍ និងអ្នកតាឃ្លាំងមឿង ជាដើម៖ «មតិភាគច្រើនគេថា បើខេត្តយើងមានថ្មកែវ ម៉េចក៏មិនធ្វើដាក់ថ្មកែវអីមួយឲ្យគេឃើញធំទៅ ដល់ពេលអ៊ីចឹងទៅក៏យើងយកមតិហ្នឹងឲ្យគេឆ្លាក់រូបជាថ្មកែវហ្នឹង ទៅ។ អាហ្នឹងគឺជាតំណាងថ្មកែវទេ មិនមែនជានិមិត្តរូបប្រវត្តិសាស្ត្រអីទេ ធ្វើសាកសិនទេដើម្បីចង់ស្ដាប់មនុស្សឲ្យមតិយើង។ ខ្ញុំអគុណហើយ ព្រោះកាលណាដាក់ទៅឲ្យមានមតិអ៊ីចឹងមកយើងចេះតែសម្រួលទៅតាម ហ្នឹង ធ្វើម៉េចឲ្យវាសមស្រប ព្រោះអានេះវាតំណាងរបស់ខេត្ត»។
រូបសំណាកផ្ដិលខាត់ដែលជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់នេះ ត្រូវបានមន្ត្រីវប្បធម៌វប្បធម៌និងវិចិត្រសិល្បៈ បង្ហាញនូវលក្ខណៈពិសេសចំនួនបី គឺទី១ ចង់បង្ហាញអំពីសក្ដានុពលនៃសម្បត្តិធម្មជាតិថ្មកែវ ទី២ ចង់បង្ហាញអំពីសក្ដានុពលនៃវារីអគ្គិសនី និងទី៣ ចង់បង្ហាញនូវប្រភពទឹកស្រោចស្រពដីស្រែកសិកម្មរបស់ប្រជាកសិករ។
ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ លោក ឡាច ផេងលី ថ្លែងថា សម្រាប់ជំហានបន្ទាប់ខាងអាជ្ញាធរគ្រោងនឹងកសាងរូបសំណាកតំណាងឲ្យ ខេត្តមួយថ្មីទៀតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ដែរ ត្រង់ចំណុចផ្លូវបំបែកចូលទៅទីគោរពសក្ការបូជារបស់អ្នកតា ឃ្លាំងមឿង។ គម្រោងនេះត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្ដល់រូបសំណាកគំរូមួយដោយបង្ហាញអំពីសកម្មភាពជិះសេះកាន់អាវុធ របស់អ្នកតាឃ្លាំងមឿង ដើម្បីឲ្យអាជ្ញាធរខេត្តពិចារណា និងសម្រេចកសាងរូបនេះឡើង។
ទោះជាយ៉ាងណាលោកចង់ឲ្យអាជ្ញាធររកទីតាំង និងកសាងរូបសំណាកជាដើមពោធិ៍មួយដើម ជានិមិត្តរូបរបស់ខេត្តដែរ ពីព្រោះវាទាក់ទងនឹងប្រវត្តិសាស្ត្រ និងត្រូវទៅនឹងឈ្មោះរបស់ខេត្តតែម្ដង៖ «គំនិតរបស់អ្នកនៅ វប្បធម៌ហ្នឹងមានគំនិតធ្វើរូបដើមពោធិ៍ ព្រោះអីដើមពោធិ៍មាននៅក្នុងនៅក្នុងវចនានុក្រមសម្ដេច ជួន ណាត គឺជាឈ្មោះពោធិ៍សាត់ហ្នឹង នៅខាងកើតបាត់ដំបង នៅខាងលិចកំពង់ឆ្នាំង គឺជាឈ្មោះខេត្តមួយ ប៉ុន្តែដើមពោធិ៍ហ្នឹងគឺយើងមិនមែនធ្វើ sample (រូបសំណាក) មានមែកអីច្រើនទេ។ ឧទាហរណ៍ថា ត្រួយ១អ៊ីចឹងទៅ ស្រុក៦ ឃុំ៤៩ គឺយើងធ្វើមែកវាតាមហ្នឹង»។
ខេត្តពោធិ៍សាត់ គឺជាខេត្តមួយដែលមានធនធានថ្មកែវ និងមានកិត្តិនាមល្បីល្បាញក្នុងការឆ្លាក់រូបបដិមា និងសម្ភារៈប្រើប្រាស់ផ្សេងៗរហូតដល់អាជ្ញាធរខេត្តនេះ សម្រេចកសាងរូបសំណាកផ្ដិលខាត់ ដើម្បីបង្ហាញអំពីសក្ដានុពលរបស់វាទៀតផង។ បច្ចុប្បន្នមានក្រុមហ៊ុនឯកជនចំនួនពីរដែលទទួលបានអាជ្ញាប័ណ្ណពី ក្រសួងរ៉ែ និងថាមពល កំពុងធ្វើសកម្មភាពគាស់កកាយយកថ្មកែវនេះ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ សកម្មភាពនេះបានធ្វើឲ្យប្រជាពលរដ្ឋ និងជាងចម្លាក់ថ្មកែវ មួយចំនួន បារម្ភខ្លាចបាត់បង់សម្បត្តិធម្មជាតិមួយនេះក្នុងពេលឆាប់ៗខាងមុខ ប្រសិនបើអាជ្ញាធរគ្រប់គ្រងមិនបានត្រឹមត្រូវទេនោះ៕
No comments:
Post a Comment