Saturday, August 31, 2013

សិស្ស​​ប្រលង​​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ​នេះ​ ​ជាប់​ជាង​៨៦​ភាគ​រយ​​

ថ្ងៃ សុក្រ 30 សីហា 2013
RFI
លទ្ធផលប្រឡងមធ្យម​សិក្សា​ ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​៥​ ខែ​សីហា ឆ្នាំ ២០១៣ ត្រូវបាន​ប្រកាស​​ជា​ផ្លូវ​ការ​ ​នៅ​ថ្ងៃសុក្រ​ទី​៣០ សីហា។ ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​អប់រំ​យុវជន​​និង​កីឡា​ ​ចំនួន​សិស្ស​​ប្រឡង​​ជាប់​ទុតិយភូមិ​ មាន​ច្រើន​ជាង​ឆ្នាំ​មុន។
នៅឆ្នាំនេះ​ ភាពមិនប្រក្រតី​នៅក្នុង​ការប្រឡង ​នៅតែកើតមាន​​ ដូចជា​​ការផ្តល់​លុយ​អោយ​មេប្រយោគ​ ដើម្បី​បេក្ខជន​អាច​បើក​ឯកសារ​ចម្លង។​ © លាងដឺលុច
សេចក្តី​រាយការ​ណ៏របស់​ សួង សុខភារី
(01:29)
ថ្ងៃទី​៣០​សីហា​នេះ គឺ​ជា​ថ្ងៃ​បិទ​ប្រកាស​លទ្ធផល​ប្រឡង​ នៅ​មណ្ឌល​ប្រឡង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល។ បើ​តាម​លទ្ធផល​ដែល​ក្រសួង​អប់​រំ​យុវជន​និង​កីឡា​ បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃនេះ ចំនួន​សិស្ស​ដែល​ប្រឡង​ជាប់ នៅ​ក្នុង​ឆ្នាំ ២០១៣ សម្រាប់​គ្រប់​មណ្ឌល​ទាំងអស់ នៅ​ទូទាំង​ប្រទេស​ មាន​ចំនួន ៩១ ៣​៧០ នាក់ ឬ​ ស្មើនឹង ៨៦,៧៧ ភាគរយ ពោលគឺកើន​ឡើង​ច្រើន​ជាង​ឆ្នាំមុន ០,២៩​ ភាគរយ។
ក្រសួង​អប់រំ​យុវជន និង​កីឡា​ មិន​​​ទាន់​បាន​បញ្ជាក់​ ពី​និទ្ទេស​របស់​អ្នក​ជាប់​ទាំងនោះ​នៅ​ឡើយ​ទេ។ ​លោក សំ សេរីរ័ត្ន អគ្គ​នាយក​ដ្ឋាន​អប់រំ​នៃ​ក្រសួង​អប់​រំ​ យុវជន និង​កីឡា​ ទទួល​បន្ទុក​កិច្ចការ​ប្រឡង បាន​ឲ្យ​ដឹង​ថា មូលហេតុនៃ​ការ​កើន​ឡើង​នៃ​ចំនួន​សិស្សានុសិស្ស​​​ប្រឡង​ជាប់ គឺ​ដោយ​សារ​តែ​ ​ពួក​គេ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ ​ច្រើន​ជាងមុន។ លោក​​បន្ថែម​ថា ក្រសួង​បាន​ធ្វើ​ការ​យ៉ាងល្អ​នៅ​ក្នុង​អំឡុង​ពេល​ប្រឡង។ ដូច្នេះ​ លទ្ធផល​នេះ គឺ​ជាលទ្ធផល​ដ៏​សុក្រឹតសម្រាប់​សិស្សានុសិស្ស​ទាំងអស់។

ប៉ុន្តែ​ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ឲ្យ​ដឹង​ថា លទ្ធផល​ដែល​បង្ហាញ​ថា​ មាន​ចំនួន​សិស្ស​ជាប់​ច្រើន​ជាង​ឆ្នាំមុន ព្រោះ​តែមាន​ការ​បែក​ធ្លាយ​វិញ្ញាសា​គ្រប់​ទីកន្លែង និង​ជា​ពិសេស​ គឺ​ការ​ស៊ី​សំណូក​របស់​គ្រូ​ នៅ​ក្នុង​កំឡុង​ពេល​ប្រឡង។ លោក​បាន​បន្ថែម​ថា ការ​ជាប់​គាំង​ផ្នែក​នយោបាយ​ នា​ពេល​បច្ចុប្បន្ន ក៏​ជា​ផ្នែក​មួយ​ដែល​បណ្តាល​ឲ្យ​មាន​បញ្ហា​​នេះ​ផង​ដែរ។

គួរបញ្ជាក់ថា​ នៅ​ក្នុង​ឆ្នាំ​២០១៣នេះ មាន​បេក្ខជន​ប្រឡង​ សរុប ១០៧ ៨៣៥​នាក់ ខណៈដែល​បេក្ខជន​ប្រឡង​នៅ​ឆ្នាំ ២០១២ មាន​ប្រមាណ​ជា ១១ម៉ឺន​នាក់ប៉ុណ្ណោះ៕


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

No comments:

Post a Comment