Thursday, January 16, 2014

លោក ស៊ូ​ប៊ែ​ឌី​៖ UN នឹង​ធ្វើជា​អ្នកសម្របសម្រួល ប្រសិនបើ​គណបក្ស​ទាំង​ពីរ ស្នើសុំ​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃព្រហស្បតិ៍ ទី16 ខែមករា ឆ្នាំ2014
http://vodhotnews.com

លោក ស៊ូប៊ែឌី ក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃព្រហស្បតិ៍នេះ (រូបថត តាត ឧត្តម)
អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស លោក សុរិយា ស៊ូ​ប៊ែ​ឌី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ថ្លែងថា សហគមន៍​អន្តរជាតិ ក៏ដូចជា​អង្គការសហប្រជាជាតិ នឹង​ធ្វើ​ជា​អ្នកសម្របសម្រួល​នយោបាយ​នៅ​កម្ពុជា ប្រសិនបើ​មាន​ការស្នើសុំ​ពី​ភាគី​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។​
​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ ព្រហស្បតិ៍​នេះ លោក ស៊ូ​ប៊ែ​ឌី មានប្រសាសន៍ថា ប្រសិន​បើ​ភាគី គណបក្សនយោបាយ​ទាំងពីរ ស្នើ​​ទៅ​អង្គការសហប្រជាជាតិ សម្រាប់​ជំនួយ​ជា​អាជ្ញាកណ្តាល នោះ លោក​នឹង​យក​ទៅ​ពិចារណា​យ៉ាង​យកចិត្តទុកដាក់​។ លោក​បញ្ជាក់​ថា អ្វីៗ គឺ​អាស្រ័យ​លើ​ការចរចា​បស់​គណបក្ស​ទាំងពីរ ថា​តើ​អ្វី​ដែល​ល្អ​បំផុត និង​អាច​ជា​ប្រយោជន៍​សម្រាប់​ជាតិ​។ លោក​បន្តថា អ្វីៗ អាស្រ័យ​​តាមរយៈ​ការផ្សះផ្សារ និង​ការចរចា​រវាង​គណបក្ស​នយោបាយ​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រកាសថា បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ចូលរួម​ប្រជុំ​សភា​បាន ប្រសិនបើ​មាន​ការធានា​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ឡើងវិញ​។​
​លោក សម រង្ស៊ី បាន​សរសេរ​នៅលើ​ហ្វេ​សប៊ុក​របស់​លោកថា គណបក្ស​សង្គ្រោះ​ជាតិ ស្វាគមន៍​តួនាទី​របស់​អង្គការសហប្រជាជាតិ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ ក្រោយ​ការបោះឆ្នោត​។ លោក​បញ្ជាក់ថា​៖«​ប៉ុន្តែ​ការចូលរួម​ប្រជុំ​រដ្ឋសភា​អាច​ធ្វើទៅបាន លុះត្រាតែ​មាន​ការ​ធានា​ឲ្យមាន​ការកែ​ទម្រង់​ប្រព័ន្ធ បោះឆ្នោត​(​មុនគេ​ផ្លាស់ គ​.​ជ​.​ប​.) ដើម្បី​ឈាន​ទៅរក​ការបោះឆ្នោត​ឡើងវិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​»​។​
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ បាន​ស្នើ​ឲ្យ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស លោក សុរិយា ស៊ូ​ប៊ែ​ឌី ជួយ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សភា​ជា​មុន​សិន ដើម្បី​ជា​ការឈាន​ដល់​ការទម្លាយ​ភាព​ទ័ល​ច្រក​នានា​។​
VOD មិនទាន់​ទាក់ទង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​៕

No comments:

Post a Comment