Thursday, January 16, 2014

លោក ស៊ូ​ប៊ែ​ឌី នឹង​ប្រាប់​ពី​លទ្ធផល​បេសកកម្ម​លើក​ទី​១០ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃព្រហស្បតិ៍ ទី16 ខែមករា ឆ្នាំ2014
http://vodhotnews.com

លោក សុរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេស​របស់អង្គការសហប្រជាជាតិ ក្នុងសន្និសិទ្ធថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣​​(រូបភាពដោយ ពេជ្រ សុធារី)
លោក សុរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេស​របស់អង្គការសហប្រជាជាតិ ក្នុងសន្និសិទ្ធថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣​​(រូបភាពដោយ ពេជ្រ សុធារី)
អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស លោក សុរិយា ស៊ូ​ប៊ែ​ឌី នឹង​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ពី​លទ្ធផល​នៃ​បេសកកម្ម​លើក​ទី​១០​របស់លោក នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​។
សេចក្តីប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​នៃ​ឧត្តមស្នងការ​ទទួល​បន្ទុក​ សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ឲ្យដឹងថា លោក ស៊ូ​ប៊ែ​ឌី នឹង​ធ្វើ​សន្និសីទ​ព័ត៌មាន​ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​៥​ថ្ងៃ​របស់​លោក នៅ​រសៀល​ម៉ោង​១​និង​៣០​នា​ទីនេះ នៅ​ការិយាល័យ​របស់​ស្នងការ​។ លោក ស៊ូ​ប៊ែ​ឌី នឹង​បង្ហាញ​ពី​ការ​ការសង្កេត​របស់​លោក ដែល​នឹង​ត្រូវ​ដាក់​ក្នុង​របាយការណ៍​របស់​ក្រម​ប្រឹក្សា​សិទ្ធិមនុស្ស​ក្នុង ​ខែ​កញ្ញា​ឆ្នាំ​២០១៤​។
អ្នករាយការណ៍​ពិសេស​របស់ អង្គការសហប្រជាជាតិ លោក សុរិយា ស៊ូ​ប៊ែ​ឌី កាលពី​ថ្ងៃ​ពុធ បាន​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​សំខាន់ៗ​ច្រើន​ទៀត ក្រៅពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​ភាពខុសប្លែក​ពី​ដំណើរ​ទស្សនកិច្ច​មុនៗ ដោយ​លោក មិនបាន​ជួប​ជាមួយ​លោក​ហ៊ុន សែន និង​រង​ការរិះគន់​ជា​បន្តបន្ទាប់​លើ​របាយការណ៍​របស់​លោក​។

មន្ត្រី​មួយ​រូប​នៅ​ឧត្ដមស្នងការ អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក Ben Rutledge ឲ្យដឹងថា លោក ស៊ូ​ប៊ែ​ឌី បាន​ជួប​ជាមួយ​លោក សុខ អាន រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និង​លោក ឱម យិនទៀង ប្រធាន​គណកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​។​លោក​បន្តថា លោក ស៊ូ​ប៊ែ​ឌី បាន​ពិភាក្សា​បញ្ហា​ជាច្រើន​ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា រួម​មាន​ការបង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​ឯករាជ្យ​មួយ បញ្ហា​ចាប់ខ្លួន​មនុស្ស​២៣​នាក់ កាលពី​ថ្ងៃ​ទី​០២​ និង​ទី​០៣​ ខែ​មករា ពេល​ផ្ទុះ​ហិង្សា​ជាមួយ​កម្លាំង​សមត្ថកិច្ច គម្រោង​ដោះស្រាយ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា គម្រោង​កំណែទម្រង់​មូលដ្ឋាន រួម​មាន​កំណែ​ទម្រង់កា​រ​បោះឆ្នោត និង​តុលាការ ការលុបបំបាត់​អំពើពុករលួយ បម្រាម​លើ​បាតុកម្ម និង​ការពិនិត្យ​លើ​ប្រាក់​ឈ្នួល​កម្មករ​ឡើង​វិញ​។ លោក​ហៅ​ជំនួប​នោះ​ថា មាន​លក្ខណៈ​ស្មោះត្រង់ យោគយល់ និង​លម្អិត​ពិស្តារ​។
គួរបញ្ជាក់​ថា លោក សុរិយា ស៊ូ​ប៊ែ​ឌី បាន​មកដល់​កម្ពុជា​កា​លពី​ថ្ងៃទី​១២ ខែ​មករា និង​ចាកចេញ​ពី​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៤៕
សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com​

No comments:

Post a Comment