ព្រៃព្រះរកាកំពុងប្រឈមនឹងការបាត់បង់
Thursday, 27 March 2014ម៉ៃ ទិត្យថារ៉ា
ភ្នំពេញ ប៉ុស្តិ៍
ផ្លូវដែលមានចម្ងាយតែ ៤៥ គីឡូម៉ែត្រពីទីប្រជុំជន ខេត្តព្រះវិហារ ឆ្ពោះទៅកាន់ព្រៃ ព្រះរកា ត្រូវចំណាយពេលធ្វើដំណើររយៈពេល ៨ម៉ោង តាមគោយន្តដោយសារតែផ្លូវបានស្រុតជាអន្លើពីសំណាក់ការធ្វើ ចរាចរណ៍ដឹកឈើចេញរបស់ក្រុមឈ្មួញរកស៊ីទិញឈើ និងអាជ្ញាធរមួយចំនួនដែលពាក់ព័ន្ធ។
អ្នកស្រី នួន ម៉ុន ជនជាតិដើមភាគតិចគួយដែលបានចុះល្បាតព្រៃនិងបំបួសព្រៃបានថ្លែង ឲ្យដឹងថា ដោយសារតែខាងក្រុមហ៊ុន ទី្រ ភាព ជួលមនុស្សមកពីចម្ងាយឲ្យកាប់ដើមឈើច្រើនហើយនៅពេលថ្មីៗនេះគេ កាប់ដើមច្បោះរបស់ជនជាតិអស់ ៩០ ដើម ទើបប្រជាសហគមន៍នាំគ្នាចូលព្រៃដើម្បីការពារនិងបំបួសព្រៃឈើ ដើម្បីសុំឲ្យអារក្សអ្នកតាជួយការពារធនធានធម្មជាតិ ពីព្រោះព្រៃឈើគឺជាអាយុជីវិតរបស់មនុស្សសត្វដោយសារពលរដ្ឋជនជាតិ រស់នៅតំបន់នេះពឹងពាក់លើអនុផលពីព្រៃឈើដូចជា ដងជ័រទឹកជាដើម។
អ្នកស្រីថា៖ «បំផ្លាញព្រៃឈើគឺបំផ្លាញអាយុជីវិតពួកយើងទាំងអស់គ្នា»។
អ្នកស្រីបានថ្លែងឲ្យដឹងទៀតថា បើសិនជាជនជាតិដើមភាគតិចនៅពេលដែលឃើញបំបួសដើមឈើគឺគេមិនហ៊ាន កាប់ដើមឈើនោះទេ ប៉ុន្តែចំពោះអ្នកកាប់អនាធិបតេយ្យនោះអ្នកស្រី មិនថា តើអាចការពារបានដែរឬក៏អត់នោះទេ? ពីមុនពួកគេកាប់តែឈើប្រណីតប៉ុណ្ណោះទេ ប៉ុន្តែនៅ ឆ្នាំ២០១៤ ក្នុង ខែមីនា នេះពួកគេចូលមកកាប់ដើមជ័រច្បោះតែម្តង ហើយព្រៃ ព្រះរកា នេះគឺជាព្រៃមួយធំទីពីរបន្ទាប់ពី ព្រៃឡង់ ដែលសម្បូរទៅដោយដើមច្បោះ។
បើទោះបីជាប្រជាសហគមន៍ការពារព្រៃយ៉ាងណាក៏ពុំមានអាជ្ញាធរណា ចេញមុខមកជួយប្រជាសហគមន៍នោះទេ។ អ្នកស្រីបានថ្លែងថា នៅពេលមានករណីណាមួយកើតឡើងគឺប្រជាសហគមន៍រាយការណ៍ទៅគ្រប់ សមត្ថកិច្ចដែលពាក់ព័ន្ធទាំងអស់ ប៉ុន្តែមិនដែលឃើញសមត្ថកិច្ចណាមួយចេញមុខមកអន្តរាគមន៍ ឬក៏យកចិត្តទុកដាក់អំពីការកាប់ជ័រច្បោះរបស់ប្រជាពលរដ្ឋនោះទេ។
អ្នកស្រីថា៖ «សមត្ថកិច្ចជួយប៉ុន្តែមិនមែនជួយពួកយើងទេ គឺគេជួយពួកអនាធិបតេយ្យទាំងនោះនៅពីក្រោយខ្នង នេះគឺជាឧបសគ្គដែលយើងពិបាកការពារឈើនៅពេលណាដែលគេដឹងថា ចុះល្បាតគេរាយការណ៍ទៅពួកអនាធិបតេយ្យ»។
យកក្រមារុំក្បាលដើម្បីការពារធូលី អ្នកស្រី រឿង ខាន់ ជនជាតិដើមកួយម្នាក់ទៀតបានថ្លែងឲ្យដឹងថា ចំពោះប្រជាសហគមន៍ដែលគ្រាន់តែកាប់ឈើធ្វើផ្ទះប៉ូលិសសេដ្ឋកិច្ចគេ ចាប់លុះណាតែបង់ឲ្យគេ ១០ ម៉ឺនរៀលទើបគេឲ្យដឹកចូលភូមិ ចំណែកឯពួកអនាធិបតេយ្យគេដឹកទាំងឡានធំៗ អត់ហ៊ានចាប់គេទេ។
អ្នកស្រីថា៖ «ប៉ូលិសគេមិនចាំបាច់យកលុយពួកដឹកឡានធំៗនៅតាមផ្លូវនោះទេ គឺពួកនោះគេយកទៅឲ្យដល់ផ្ទះតែម្តង។ ពួកឈ្មួញដឹកឡើងខូងផ្លូវអស់ហើយ គេដឹកទាំងយប់ទាំងថ្ងៃ ពួកគេគ្មានខ្លាចអ្នកណានោះទេ»។
ដោយធ្លាប់តែជាព្រៃស្រោងនោះអ្នកស្រីបានថ្លែងឲ្យដឹងថា ពីមុននៅពេលដែលចូលដល់ក្នុងព្រៃ ព្រះរកា នេះរកពន្លឺថ្ងៃមិនឃើញនោះទេ គឺព្រៃឈើគ្របដណ្តប់ជិតតែម្តង ប៉ុន្តែបច្ចុប្បន្ននេះមានពន្លឺថ្ងៃចូលខ្លះៗហើយ។ ជនជាតិភាគតិចមិនចង់ក្លាយជាអ្នកស៊ីឈ្នួលគេទើបនាំគ្នាការពារ ព្រៃឈើ ពលរដ្ឋទាំងអស់ចង់បានព្រៃដើម្បីរក្សាទុកវប្បធម៌ប្រពៃណី ចង់បានការងារធ្វើដោយម្ចាស់ការលើខ្លួនឯង។ អ្នកស្រីថា៖ «មិនដែលមានអ្នកណាក្លាយជាអ្នកមានដោយសារតែធ្វើជាកម្មករឲ្យគេ មួយថ្ងៃ ២ ម៉ឺនរៀលនោះទេ គឺមានតែក្រទៅៗ»។
ធ្វើដំណើរមកពី ស្រុកឆែប ដើម្បីចូលរួមក្នុងពិធីបុណ្យបំបួសព្រៃអ្នកស្រី តូច សុខា អាយុ ៥៧ឆ្នាំ ជាជនជាតិកួយបានថ្លែងឲ្យដឹងថា បើមិនឲ្យការពារម្តេចបាន បើយើងមើលពី ស្រុកឆែប ស្រុកសណ្តាន់ ស្រុករវៀង ហើយរហូតមកដល់ ស្រុកត្បែងមានជ័យ ខាងក្រុមហ៊ុន ទី្រ ភាព ជួលអ្នកមកពីចម្ងាយកាប់ឈើអស់ហើយ។
អ្នកស្រីថា៖ «ប្រសិនបើយើងមិនអាចការពារព្រៃ ព្រះរកា នេះបានទេ ក្មេងជំនាន់ក្រោយលែងស្គាល់ថា អ្វីជាព្រៃហើយ ចំណែកឯពួកយើងជាមនុស្សចាស់ក៏ដាច់ពោះស្លាប់ដែរ ពីព្រោះយើងបាត់បង់មុខរបរ»។
ឃឹម សុភី អាយុ ២៦ឆ្នាំ ជាជនជាតិកួយដែលបានប្រកបរបរជាអ្នកដួសជ័រទឹកតាមឪពុកម្តាយ ជាច្រើនឆ្នាំហើយនោះបានថ្លែងឲ្យដឹងថា ជនជាតិកួយទាំងក្មេងទាំងចាស់ត្រូវតែពួតដៃគ្នាដើម្បីការពារព្រៃ ដើម្បីកុំឲ្យគេមកបំផ្លាញទៀត ពីព្រោះនេះគឺជាព្រៃសល់ចុងក្រោយនៅក្នុង ខេត្តព្រះវិហារ។
លោកថា៖ «អ្នកដែលបំផ្លាញច្រើនបំផុត គឺខាងទាហាន ប៉ូលិសដែលបើកដៃឲ្យគេចូលកាប់ព្រៃហើយបិទភ្នែកធ្វើមិនឃើញថា មានអ្វីកើតឡើងទាំងអស់។ នេះគឺជាទង្វើខុសទាំងស្រុងដែលគេកាប់បំផ្លាញឈើដោយគ្មានការ ស្តាយស្រណោះ»។
ជ័រច្បោះប្រមាណជា ៧ ប៊ីដុងដាក់នៅលើគោយន្តដែលមានកូនតូចពីរនាក់ និងប្តីនៅអង្គុយជាមួយនោះ អ្នកស្រី ខាំ វ៉ន អាយុ ៥៦ឆ្នាំ ដែលមានច្បោះជាង ១០០០ ដើម ប៉ុន្តែត្រូវបានគេកាប់បំផ្លាញអស់មួយចំនួនបានថ្លែងឲ្យដឹងថា នៅក្នុងមួយខែគ្រួសារគាត់ត្រូវដួសជ័រទឹក ៦ដង ហើយនៅក្នុងមួយដងទទួលបានជ័រ ៦ កាន ហើយតម្លៃជ័រច្បោះតែងតែមានការប្រែប្រួលតាមពេលវេលា ពេលខ្លះមួយកានលក់បាន ៨ ម៉ឺនតែពេលខ្លះ ១ កាន លក់បាន ៩ ម៉ឺន។
អ្នកស្រីថា៖ «សព្វថ្ងៃនេះគេកាប់ឈើខ្លាំងណាស់ ប្រសិនបើបាត់ដើមជ័រទឹកអស់មិនដឹងជាទៅរកស៊ីអីទៀតនោះទេ ពីព្រោះកន្លងមកនេះមិនមានទម្លាប់ចេះរកស៊ី»។
យោងតាមរបាយការណ៍របស់អង្គការ ពន្លកខ្មែរ បានឲ្យដឹងថា ព្រៃ ព្រះរកា គឺជាព្រៃធំទីពីរបន្ទាប់ពី ព្រៃឡង់ ដែលស្ថិតនៅចំណុចប្រសព្វនៃស្រុកបីនៃ ខេត្តព្រះវិហារ ដូចជា ស្រុកត្បែងមានជ័យ ស្រុកជាំក្សាន្ត និង ស្រុកឆែប ដែលលាតសន្ធឹងលើផ្ទៃដី ៩៥ ៩០៥ ហិកតា ដែលសម្បូរទៅដោយជីវចម្រុះសត្វព្រៃគ្រប់ប្រភេទ និងឈើប្រណីតជាពិសេសដើមឈើទាល ដើមជ័រទឹក ដែលមានប្រជាពលរដ្ឋរស់នៅចំនួន ១៥ ០៤៦ នាក់ ក្នុងភូមិចំនួន ២១។ ព្រៃនេះធ្លាប់ប្រឈមនឹងគ្រោះថ្នាក់នៅក្នុង ឆ្នាំ១៩៩៧ ដោយសារក្រុមហ៊ុនព្រៃសម្បទានឈ្មោះ ចិន្តា ហ្លាយវូត ប៉ុន្តែដោយមានចលនាតវ៉ាពីប្រជាជនរស់នៅជុំវិញក្រុមហ៊ុនមួយនេះបាន ផ្អាកសកម្មភាពនៅ ឆ្នាំ២០០២ ហើយបច្ចុប្បន្នកំពុងស្ថិតនៅក្នុងការគំរាមកំហែងពីការកាប់បំផ្លាញ ពីសំណាក់ក្រុមឈ្មួញអ្នកមានអំណាចមួយចំនួន ដែលបានលើកទឹកចិត្តឲ្យពលរដ្ឋចូលទៅកាប់ឈើលក់ឲ្យពួកគេ។
លោក ប៉ិក សោភ័ណ មន្ត្រីផ្នែកតស៊ូមតិរបស់អង្គការ ពន្លកខ្មែរ បានមានប្រសាសន៍ថា ព្រៃ ព្រះរកា កំពុងតែស្ថិតនៅក្រោមការកាប់បំផ្លាញយ៉ាងអនាធិបតេយ្យជាពិសេសក្រុម ឈ្មួញបានលើកទឹកចិត្តឲ្យសហគមន៍មកពីកន្លែងផ្សេងចូលមកកាប់ឈើនៅ ក្នុងតំបន់នេះ។ លោកថា៖ «តាមដែលយើងដឹងគឺក្រុមហ៊ុន ទ្រី ភាព បានដាក់ពង្រាយមនុស្សឲ្យចូលមកកាប់ឈើលក់ឲ្យពួកគេពុំមាន អាជ្ញាធរណាទប់ស្កាត់នោះទេ»។
លោកបានថ្លែងថា ការបាត់បង់ព្រៃឈើនោះគឺធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅ ដល់ជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិច ពីព្រោះអ្នកភូមិទាំងអស់ប្រកបរបររស់នៅពឹងផ្អែកលើអនុផលព្រៃឈើ ដូច្នេះហើយបានជាពួកគាត់នាំគ្នាបង្កើតសហគមន៍ដើម្បីការពារព្រៃ។
លោក ឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើពុំអាចទាក់ទងដើម្បីធ្វើការ អត្ថាធិប្បាយបានទេ ចំណែកឯលោក អ៊ីត ភូម្រា ប្រធានរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារ បដិសេធពុំធ្វើការអត្ថាធិប្បាយទេ ដោយលោកមានប្រសាសន៍ថា៖ «ទូរស័ព្ទខ្ញុំស្តាប់មិនឮ»។
កាលពី ខែមករា ឆ្នាំ២០១០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បទបញ្ជាជាលើក ទី១ និងព្រមានខ្លាំងៗទៅលើមន្ត្រីយោធាទាំងអស់ឲ្យបញ្ឈប់សកម្មភាពកាប់ ព្រៃឈើ និងបញ្ឈប់សកម្មភាពទន្ទ្រានកាន់កាប់ដី ឬគាំទ្រអ្នករកស៊ីឈើខុសច្បាប់។
យោងតាមរបាយការណ៍រូបភាពផ្កាយរណប ដែលចេញកាលពី ខែធ្នូ ឆ្នាំ២០១៣ ផែនទីដែលមានលក្ខណៈចលនាគេហទំព័រ Open Development Cambodia (ODC) បានបង្កើតពីរូបភាពផ្កាយរណប ណាស្សា (NASA) បានបង្ហាញលម្អិតអំពីការបំផ្លាញខ្លាំងក្លាទៅលើព្រៃឈើរបស់ ប្រទេសកម្ពុជា ដែលជាការបំផ្លាញដែលបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈកាល ៥ឆ្នាំ ចុងក្រោយនេះ។
គេហទំព័រ ODC បានឲ្យដឹងថា ការវិភាគរូបភាពផ្កាយរណបបង្ហាញថា ក្នុង ឆ្នាំ១៩៧៣ ប្រហែល ៧២,១១ ភាគរយនៃ ប្រទេសកម្ពុជា ត្រូវបានគ្របដណ្តប់ដោយព្រៃឈើ។ រូបភាពថ្មីៗបានបង្ហាញថា គម្របព្រៃឈើបច្ចុប្បន្នមានតិចទៅៗគឺចំនួន ៤៦,៣៣ ភាគរយដោយរួមបញ្ចូលទាំងចម្ការកៅស៊ូផង។
លោក ចាន់ សុវេត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្ស អាដហុក ដែលបានចុះទៅអង្កេតដោយផ្ទាល់នៅក្នុងតំបន់នោះបានថ្លែងឲ្យដឹងថា នៅពេលដែលលោកចូលទៅដល់ក្នុងព្រៃ ព្រះរកា នោះគឺធ្វើឲ្យលោកមានការភ្ញាក់ផ្អើលដោយលោកមិននឹកស្មានថា ព្រៃដែលនៅឆ្ងាយសែនឆ្ងាយទទួលរងគ្រោះថ្នាក់យ៉ាងដូច្នេះសោះ ហើយក្រុមហ៊ុនបានពង្រាយមនុស្សចុះទៅកាប់ឈើតាមទំនើងចិត្តតែម្តង គ្មានអាជ្ញាធរណាធ្វើដឹងឮនោះទេ។
លោកបានឲ្យដឹងទៀតថា៖ «មន្ត្រីពាក់ព័ន្ធទាំងអស់នោះបានដេកលក់ ប៉ុន្តែនៅពេលដែលពួកគេបានចាប់ឈើតាមរទេះគោរបស់ពលរដ្ឋវិញគេថា បានធ្វើការជោគជ័យ។ យើងស្នើសុំឲ្យមានមធ្យោបាយការពារព្រៃដែលកំពុងមាននៅក្នុងព្រៃ ស្រាប់នោះទើបប្រសើរ»។
តំណាងក្រុមហ៊ុន ទ្រី ភាព ពុំអាចទាក់ទងធ្វើការអត្ថាធិប្បាយបានទេ៕
No comments:
Post a Comment