ក្រុមហ៊ុនវៀតណាមកំពុងបន្តឈូសវាតយកដីព្រៃជនជាតិ
Thursday, 27 March 2014ផាក់ ស៊ាងលី
ភ្នំពេញ ប៉ុស្តិ៍
លោក ឆាយ ធី មន្រ្តីសិទ្ធិមនុស្សអង្គការ អាដហុក ខេត្តរតនគិរី បានឲ្យដឹងកាលពីម្សិលមិញថា ក្រុមល្បាតរបស់ជនជាតិដើមភាគតិច ចារ៉ាយ ភូមិឡំ ឃុំប៉ក់ញ៉ៃ បានចាប់ឃាត់ខ្លួនជនជាតិ វៀតណាម ចំនួនបីនាក់នៅខណៈពេលដែលពួកគេកំពុងធ្វើសកម្មភាពកាប់និងដឹកឈើ ក្នុងដីព្រៃការពារកាលពីព្រឹកថ្ងៃអង្គារ។
លោក ធី បញ្ជាក់ថា៖ «អ្នកកាប់ឈើទាំងនោះសុទ្ធតែជាជនជាតិ វៀតណាម មកពីក្រុមហ៊ុន ៧២ នៅជាប់ព្រៃនោះហើយត្រូវសហគមន៍បង្រ្កាបចាប់ដកហូតម៉ាស៊ីនអារឈើ បានមួយគ្រឿង»។
លោក ឆាយ ធី បានបន្ថែមថា ព្រៃការពារ និងសហគមន៍នោះមានទំហំប្រមាណ ១ ពាន់ហិកតាដែលមានជនជាតិដើមជិត ២០០ គ្រួសារកំពុងអាស្រ័យផលអនុផលព្រៃឈើ។ ប៉ុន្តែ ចាប់តាំងពី ឆ្នាំ២០១២ មកក្រុមហ៊ុននេះបានឈូសឆាយអស់ជាង ១០០ ហិកតាហើយ ហើយនៅតែប៉ុនប៉ងឈូសបន្តទៀត។ «ក្រុមហ៊ុននេះបានដាក់គ្រឿងចក្រ ៦ គ្រឿងទៀតក្នុងដីសហគមន៍នោះដើម្បីឈូសឆាយកាលពីអាទិត្យមុនតែត្រូវ សហគមន៍លើកគ្នាដេញចេញ»។
លោក រម៉ាស់ ឆ្វាត់ អាយុ ៤៨ឆ្នាំ ជាតំណាងសហគមន៍ ភូមិឡំ បានឲ្យដឹងថា ជនជាតិ វៀតណាម ចំនួន ៥នាក់ មានកាំបិត ពូថៅ ម៉ាស៊ីនអារឈើមួយគ្រឿងនិងគោយន្តមួយគ្រឿងកំពុងដឹកឈើពីរដុំ ប៉ុន្តែត្រូវក្រុមល្បាតស្ទាក់ចាប់ឃាត់ខ្លួនបានបីនាក់ ដើម្បីសួរនាំ។ «មានប្រទូសរ៉ាយគ្នា ពេលយើងថតរូបគេ គេចាប់កាមេរ៉ាមិនឲ្យថត ហើយគេបានបើកគោយន្តចេញបាត់»។
លោក ឆ្វាត់ ក៏បានលើកឡើងផងដែរថា ដោយសារតែក្រុមហ៊ុនប៉ុនប៉ងឈូសព្រៃការពារមិនឈប់ឈរបែបនោះពួកគាត់ បានសរសេរស្លាកជាង ២០០ សន្លឹកថា «ក្រុមហ៊ុនហាមឈូសព្រៃការពារ» ហើយដើរបិទលើដើមឈើក្នុងព្រៃ។ លោក ឆ្វាត់ បានគូសបញ្ជាក់ថា៖ «នេះជាលើកទីបីហើយដែលយើងបង្រ្កាប វៀតណាម កាប់ឈើយើង។ បើកុំតែយើងល្បាតខ្លួនឯងកុំអីមិនសល់ទេ»។
បន្ទាប់ពីសហគមន៍បានប្តឹងអង្គការ អាដហុក បានស្នើឲ្យអាជ្ញាធរចុះពិនិត្យកម្មករ វៀតណាម ទាំងនោះដែលកំពុងធ្វើសកម្មភាពតាមអំពើចិត្តក្នុងទឹកដីខ្មែរ។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងក្រុមហ៊ុន ៧២ ដើម្បីសុំអត្ថាធិប្បាយបានទេ។ ទោះយ៉ាងណាលោក ដក ស អភិបាល ស្រុកអូរយ៉ាដាវ បានថ្លែងថា ព្រៃសហគមន៍និងព្រៃការពារជនជាតិដើម ភូមិឡំ នោះត្រូវបានរដ្ឋាភិបាលប្រគល់ឲ្យក្រុមហ៊ុន ៧២ នោះហើយ ប៉ុន្តែសហគមន៍មិនព្រមឲ្យក្រុមហ៊ុនឈូសឆាយធ្វើការអភិវឌ្ឍនោះទេ។
លោកបន្តថា៖ «យើងបានវាស់វែងដីស្រែចម្ការ និងផ្ទះសម្បែងឲ្យពលរដ្ឋអស់ហើយនៅតែគាត់ចង់បានដីព្រៃនោះទៀត»។ បើតាម លោក ដក ស ក្រុមហ៊ុន ៧២ បានទទួលដីសម្បទានសេដ្ឋកិច្ចចំនួន ៦ ពាន់ហិកតាក្នុង ភូមិតេន កាក់ ឈូក ឃុំយ៉ាទុង និង ភូមិឡំ ក្នុងឃុំប៉ក់ញ៉ៃ។ ដីក្នុង ឃុំយ៉ាទុង ត្រូវបានឈូសឆាយដាំកៅស៊ូរួចហើយ ហើយក្នុង ឆ្នាំ២០១៤ នេះក្រុមហ៊ុននឹងធ្វើការឈូសឆាយក្នុង ភូមិឡំ នោះទៀតទៅតាមផែនការរបស់គេ។ ទាក់ទងទៅនឹងកម្មករ វៀតណាម លោក ដក ស បានអះអាងថា កម្មករធ្វើការឲ្យក្រុមហ៊ុន ៧២ មានទាំងជនជាតិ ខ្មែរ និង វៀតណាម៕
No comments:
Post a Comment