Wednesday, July 24, 2013

Natura Resort​ ផ្ដល់​ការ​ស្នាក់នៅ​ដ៏​ត្រជាក់ត្រជុំ​ ក្រោម​ម្លប់​ធម្មជាតិ​បៃតង

Friday, 19 July 2013
Miranda Glasser
ភ្នំពេញ ប៉ុស្តិ៍

130719_20a
សណ្ឋាគារ​ប៊ូទិក Natura Resort ដែល​មាន​អាង​ហែលទឹក​ប្រៃ និង​សម្បូរ​ទៅ​ដោយ​ដើម​ឈើ​គ្រប់ទីកន្លែង​​។ រូបថត Oyen Rodriguez
ភ្នំពេញ : យុគសម័យ​ទំនើប​នេះ​គេ​ឃើញ​សេវាកម្ម​ផ្នែក​ស្នាក់នៅ​និង ​កម្សាន្ត​មាន​ការ​ផ្ចិតផ្ចង់​ផ្នែក​សោភណភាព​ច្រើន​ដើម្បី​ទាក់ទាញ​ចំណាប់​ អារម្មណ៍​ទេសចរ​ទាំង​ជាតិ​និង​អន្តរជាតិ​តែ​ម្តង។ យ៉ាង​ណា​មិញ​សណ្ឋាគារ​ថ្មី​មួយ​ឈ្មោះ ​Natura Resort​ដែល​ស្ថិត​នៅ​ក្បែរ​វត្ត​ព្រះឥន្ទ្រកោសី​ខាង​ក្រោយ​វិថី​ទន្លេ​មាន​ ការ​រៀបចំ​នូវ​បន្ទប់​តាម​បែប​ធម្មជាតិ​ចំនួន​៩​ផង​ដែរ​សម្រាប់​បម្រើ​ភ្ញៀវ ​ដែល​មាន​ចំណូល​ចិត្ត​ស្រឡាញ់​បរិស្ថាន​បៃតង​នោះ។
ពៅ​រតនៈ​កូន​ខ្មែរ​អាណិកជន​ដែល​រស់នៅ​ប្រទេស​បារាំង​ជា​ម្ចាស់​Natura Resort​បាន​ឲ្យ​ដឹង​ថា​លោក​បង្កើត​សណ្ឋាគារ​នេះ​នៅ​ខែ​ឧសភា។ លោក​ថា​ការ​រៀបចំ​បែប​នេះ​ក៏​ព្រោះ​តែ​លោក​មាន​ស្នេហា​ទេសភាព​បែប​ធម្មជាតិ​ និង​ចង់​អភិរក្ស​បរិស្ថាន​ទើប​ទុក​ឲ្យ​ដើមឈើ​ទាំងឡាយ​ដុះ​យ៉ាង​ត្រសុំត្រសាយ ​ក្នុង​បរិវេណ​និង​ព័ន្ធ​អគារ​សណ្ឋាគារ​ខ្លួន​ស្ទើរ​គ្រប់​ទីកន្លែង​សូម្បី​ តែ​ផ្នែក​ដំបូង​ក៏​ត្រូវ​បាន​គ្រប​ដោយ​ម្លប់​ឈើ​ដែរ។
លោក​បាន​និយាយ​ថា​៖ «Natura Resort​ពិតជា​អាច​ឲ្យ​ភ្ញៀវ​ទទួល​នូវ​រសជាតិ​បែប​ធម្មជាតិ​ពិតមែន។ យើង​ក៏​មាន​បំណង​ចង់​ឲ្យ​ភ្ញៀវ​បាន​ឃើញ​និង​សម្រាក​លម្អែ​កាយ​នៅ​ទី​នេះ​តាម ​បែប​អារម្មណ៍​ធម្មជាតិ​ពិត​ៗ​តែ​ម្តង​»។
លោក​បន្ត​ថា​៖ «ខ្ញុំ​គិត​ថា​យើង​ពិតជា​ដឹង​ទាំងអស់​គ្នា​ពី​បញ្ហា​កាប់​បំផ្លាញ​ព្រៃឈើ​នៅ ​កម្ពុជា។ ខ្ញុំ​តែង​មាន​អារម្មណ៍​ស្រឡាញ់​ធម្មជាតិ​ដូច្នេះ​ហើយ​បាន​ជា​ពេល​ឃើញ​ដី​ សម្បូរ​ដើមឈើ​ដុះ​នៅ​កន្លែង​នេះ​ក៏​នឹក​ចង់​រក្សា​វា​ទុក​ហើយ​កែច្នៃ​វា​ឲ្យ ​ទៅ​ជា​សណ្ឋាគារ​»។
លោក​ពៅ​រតនៈ​បាន​និយាយ​ទៀត​ថា​៖ «នៅ​ខេត្ត​សៀមរាប​មាន​សណ្ឋាគារ​ប្រភេទ​ប៊ូទិក​ច្រើន​ណាស់​អ៊ីចឹង​ហើយ​បាន​ជា ​ខ្ញុំ​ចង់​បង្កើត​វា​ឲ្យ​មាន​លក្ខណ​ពិសេស​ម្យ៉ាង​តាមរយៈ​ការ​ប្រែ​ក្លាយ​វា ​ជា​សណ្ឋាគារ​ដែល​សម្បូរ​ទៅ​ដោយ​ដើមឈើ​ច្រើន​ជាង​គេ ដោយ​ខ្ញុំ​សឹង​តែ​មិន​ដាច់​ចិត្ត​កាប់​មួយ​ដើម​ណា​ឡើយ​នៅ​ពេល​សាងសង់​។​ ខ្ញុំ​បាន​រចនា​វា​ឡើង​មាន​បង្អួច​ធំ​ៗ​តាម​បន្ទប់​នីមួយ​ៗ​»។
ចំណោម​បន្ទប់​ធម្មជាតិ​ទាំង​៩​នោះ​ត្រូវ​បាន​គេ​រចនា​ម៉ូដម៉ាក​បែប​ រ៉ូមែនទិក​សម្រាប់​ក្រុម​គ្រួសារ​ឬ​គូស្នេហ៍។ បន្ទប់​ចំនួន​៦​ត្រូវ​រចនា​យ៉ាង​ល្អ​ប្រណីត​មាន​កូន​សួនច្បារ​ពីរ​នៅ​មុខ​ បន្ទប់​ផង​ដែរ​ដោយ​គេ​អាច​មើល​ឃើញ​ទេសភាព​អាង​ហែលទឹក​ទៀត​ផង។
លោក​និយាយ​ថា​៖ «ខ្ញុំ​គិត​ថា​វា​ល្អ​ណាស់​សម្រាប់​ប្រជាជន​ក្នុង​ក្រុង​ដែល​មាន​បំណង​ចង់​ កាត់បន្ថយ​ភាព​តានតឹង​ក្នុង​ចិត្ត​ខណៈ​ខ្លួន​តែងតែ​សម្ងំ​នៅ​ក្នុង​ផ្ទះ​នោះ ​ហើយ​ចង​មក​ស្នាក់នៅ​ជាមួយ​ធម្មជាតិ​ពីរ​បី​ថ្ងៃ​នៅ​ទី​នេះ​»។
គេ​ក៏​ឃើញ​មាន​អាង​ហែលទឹក​ប្រៃ​ជាមួយ​នឹង​ភោជនីយដ្ឋាន​មាន​លក្ខណៈ​គួរ​ ឲ្យ​ទាក់ទាញ​ដោយសារ​តែ​មាន​រុក្ខជាតិ​ដុះ​ស្ទើរ​គ្រប់​ទីកន្លែង​។ ចំពោះ​សេវាកម្ម​ម្ហូបអាហារ​វិញ​មាន​លក្ខណៈ​ចម្រុះ​ដោយ​មាន​បម្រើ​ទាំង​ម្ហូប ​ខ្មែរ​និង​បរទេស​ដូចជា​ម្ហូប​បារាំង​ផង​ដែរ។
សម្រាប់​ថ្ងៃ​អនាគត​ម្ចាស់​សណ្ឋាគារ​នេះ​ក៏​គ្រោង​នឹង​បើក​បម្រើ​ សេវាកម្ម​ស្ប៉ា​និង​កន្លែង​សម្រាប់​ហាត់ប្រាណ​ដោយ​ចលនា​តាម​ក្បួន​យោគៈ​ផង​ ដែរ។
ម្ចាស់​សណ្ឋាគារ​វ័យក្មេង​រូប​នេះ​បន្ត​ថា​៖ «គម្រោង​បើក​សេវាកម្ម​ស្ប៉ា​និង​ម៉ាស្សា​បែប​ខ្មែរ​របស់​យើង​នឹង​ដំណើរការ​ នៅ​ខែ​សីហា​ខាង​មុខ​នេះ ដោយ​សហការ​ជាមួយ​ក្រុម​ជំនាញ​ស្ប៉ា​សុខៈ (Sokkhak Spa)»។
ម្ចាស់​សណ្ឋាគារ​វ័យ​២៨​ឆ្នាំ​រូប​នេះ​ជា​កូន​ខ្មែរ​មាន​កំណើត​នៅ​ប្រទេស ​បារាំង​អាច​និយាយ​បាន​បី​ភាសា​គឺ​ខ្មែរ​បារាំង​និង​អង់គ្លេស​។ គាត់​បាន​សិក្សា​ជំនាញ​ពាណិជ្ជកម្ម​នៅ​ទីក្រុង​លីយ៉ុង​ប្រទេស​បារាំង​ហើយ​ បាន​វិល​មក​កម្ពុជា​វិញ​កាល​ពី​៦​ឆ្នាំ​មុន​ដោយ​បាន​បម្រើ​ការ​នៅ​ឯ​ Artisans d’Angkor​ក្នុង​តួនាទី​ជា​ប្រធាន​គ្រប់គ្រង​ទីផ្សារ។
លោក​ពៅ រតនៈ បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «មូលហេតុ​ដែល​ខ្ញុំ​មក​ប្រទេស​កម្ពុជា​ព្រោះ​ខ្លួន​ចង់​ក្លាយ​ជា​សហគ្រិន​ មួយ​រូប​ជួយ​អភិវឌ្ឍ​សង្គម​។ ខ្ញុំ​មើល​ឃើញ​នូវ​ចក្ខុវិស័យ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ហើយ ​ចង់​ចាប់​យក​ឱកាស​នេះ​ឲ្យ​បាន»។
សម្រាប់​តម្លៃ​ជួល​បន្ទប់​ស្នាក់នៅ​បែប​ធម្មជាតិ​នៅឯ​សណ្ឋាគារ​Natura Resort​គឺ​មាន​៦៩​ដុល្លារ​សម្រាប់​បន្ទប់​តូចល្មម​មាន​លក្ខណៈ​ល្អ​ប្រណីត​ (deluxe room)​រីឯ​បន្ទប់​សម្រាប់​ជួល​ជា​លក្ខណៈ​គ្រួសារ​វិញ​តម្លៃ​៩៩​ដុល្លារ ដែល​ជា​តម្លៃ​ពិសេស​នៅ​រដូវកាល​មិន​សូវ​សម្បូរ​ទេសចរ​៕ PR

No comments:

Post a Comment