Friday, November 8, 2013

អ្នកច្បាប់​ថៃ​៖ ថៃ​ និង​កម្ពុជា​ទំនង​នឹង​វិល​មក​រក​តុ​ចរចា​ឡើងវិញ​ ករណី​ជម្លោះ​ព្រំដែន​​


ថ្ងៃសុក្រ ទី8 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ប្រទេស​​ហូ​ឡង់ និង​​ជា​​ប្រធាន​ក្រុម​អ្នក​ច្បាប់​​ថៃ បាន​ព្យាករណ៍​​ថា ប្រទេស​ថៃ និង​កម្ពុជា​ទំនង​នឹង​វិល​មក​រក​តុ​ចរចា​​វិញ បន្ទាប់​ពី​តុលាការ​​យុត្តិ​ធម៌​​អន្តរ​ជាតិ ​ICJ ចេញ​​សេចក្ដី​សម្រេច ​លើ​​ករណី​​ជម្លោះ​​ដី​ព្រំដែន​​ក្បែរ​​ប្រាសាទ​​ព្រះ​វិហារ​ថា​ តើ​​ភាគី​​ណា​​ជា​អ្នក​ឈ្នះ ​ឬ ភាគី​ណា​ជា​អ្នក​ចាញ់ ​ឬ​ក៏​វា​ក្លាយជា​ចំណុច​រួមគ្នា​។​
​លោក ​Virachai Plasai ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ប្រទេស​ហូ​ឡង់ បានបញ្ជាក់​ដូចនេះ តាមរយៈការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃ​សុក្រ​ ទី​៨ ខែ​​វិច្ឆិកា​នេះ​។
​លោក​ Virachai Plasai បាន​ព្យាករណ៍​ថា ទំនង​ជា​ជៀស​​មិន​​រួច ពី​ការវិល​មក​រក​ការចរចា​​ជាមួយគ្នា​វិញ​នោះ​ឡើយ ករណី​ជម្លោះ​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ​។
​ទោះជា​បែប​នេះ​​ក្ដី លោក Nattavudh Photisaro អគ្គលេខាធិការរង​អចិន្ត្រៃយ៍​នៃ​ក្រសួង​ការបរទេស​ថៃ បាន​និយាយថា បើ​តាម​ការវិភាគ​របស់​អ្នកច្បាប់ ​និង​​បញ្ញាជន​ថៃ ពួក​​គេ​​រំពឹង​ថា សាលដីកា​​របស់​ ICJ​ នឹង​បាន​ល្អ​ជា​វិជ្ជា​មាន​មកលើ​ប្រទេស​ថៃ ច្រើន​ជាង​កម្ពុជា​។

លោក​ថា ប្រទេស​ថៃត្រៀម​ជាស្រេច​ហើយ ការផ្សាយ​បន្ត​ផ្ទាល់​ពី​ក្រុងឡាអេ​ ហើយ​ការផ្សាយ​នោះ​ជា​បី​ភាសា គឺ​ភាសា​អង់គ្លេស ភាសា​បារាំង និង​ភាសា​​ថៃ និង​មាន​ប្រព័ន្ធ​ព័ត៌មាន ទូរទស្សន៍​ និង​វិទ្យុ​ថៃ​ជាច្រើន​ទៀត ចូលរួម​ផ្សាយ​បន្ត​ផ្ទាល់​។
​តែ​យ៉ាងនេះ គឺជា​ការអះអាង​របស់​តែ​ភាគី​ថៃ​មួយ​ប៉ុណ្ណោះ ខណៈ​អ្នកច្បាប់ អ្នកវិភាគ បញ្ញាជន និង​មន្ត្រី​កម្ពុជា ក៏បាន​ព្យាករណ៍ ថា កម្ពុជា​​ទេ គឺជា​អ្នក​ឈ្នះ​​រឿងក្ដី​នេះ ព្រោះ​កម្ពុជា​ជា​ដើមបណ្ដឹង ហើយ​កម្ពុជា​ប្ដឹង​ក៏​យោង​លើ​សាលដីកា​​ឆ្នាំ​១៩៦២ ដែល​កម្ពុជា​ឈ្នះក្ដី​ ករណី​ប្រាសាទ​ព្រះវិហារ​នេះ​ដែរ​។​
​សាលដីកា​​របស់​ ICJ ករណី​ដី​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​​នឹង​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​​នៅ​ ថ្ងៃ​ចន្ទ​ ទី១១ ខែ​វិច្ឆិកា សប្ដាហ៍​ក្រោយនេះ ​ខណៈ​នេះ​ប្រទេស​ទាំង​​ពីរ​​បាន​ត្រៀម​រួចហើយ​ថា ​មិនឲ្យ​មាន​ការប្រឈ​មខាង​កង​ទ័ព​ដូច​មុន​ទៀត​ឡើយ​ ទោះជា​ភាគី​ណា​ជា​អ្នកឈ្នះ​ក៏ដោយ​៕
សូមសរសេរមកកាន់ លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com

No comments:

Post a Comment