នាយករដ្ឋមន្ត្រីអំពាវនាវឲ្យយោធារក្សាភាពស្ងប់ស្ងាត់មុន ICJ ប្រកាសសាលដីកា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា បានប្រកាសជំហររបស់រដ្ឋាភិបាលកម្ពុជា ថា នឹងគោរពសាលដីកាតុលាការយុត្តិធម៌អន្តរជាតិ ទោះបីសេចក្តីសម្រេចនោះមានលទ្ធផលបែបណាក្តី។ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) គ្រោងនឹងប្រកាសសាលដីកាបកស្រាយសាលក្រមឆ្នាំ១៩៦២ ស្ដីពីប្រាសាទព្រះវិហារ នៅថ្ងៃច័ន្ទ ទី១១ ខែវិច្ឆិកា សប្ដាហ៍ក្រោយ។ក្នុងសេចក្តីថ្លែងការណ៍ដែលបានផ្សាយផ្ទាល់តាមទូរទស្សន៍ក្នុង ស្រុកមួយចំនួន លោក ហ៊ុន សែន មានប្រសាសន៍ថា លោក និងអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) នាយករដ្ឋមន្ត្រីថៃ សន្យារក្សាសន្តិភាពតាមព្រំដែន និងគោរពសាលដីកាតុលាការ។
លោក ហ៊ុន សែន៖ «ខ្ញុំសូមអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ប្រកាន់ការអត់ធ្មត់ និងចៀសវាងសកម្មភាពទាំងឡាយណាដែលអាចបង្កភាពតានតឹង និងប៉ះទង្គិចគ្នា។ សូមបងប្អូនរក្សាភាពស្ងប់ស្ងៀម បន្តចូលរួមរក្សាសន្តិសុខក្នុងប្រទេស និងរក្សាស្មារតីនៃទំនាក់ទំនងជាអ្នកជិតខាងល្អ»។
លោក ហ៊ុន សែន អះអាងថា កម្ពុជា បានសម្រេចប្ដឹងតុលាការឲ្យបកស្រាយសាលក្រមជាថ្មីម្តងទៀត មិនមែនដើម្បីបង្កសង្គ្រាមដណ្ដើមទឹកដីរវាងប្រទេសទាំងពីរឡើយ ប៉ុន្តែជាជម្រើសមួយដ៏ល្អប្រសើរមួយ ដើម្បីអាចបញ្ចប់ជម្លោះព្រំដែនបាន។
ជម្លោះព្រំដែនកើតឡើងកាលពីឆ្នាំ២០០៨ បណ្ដាលឲ្យកងទ័ពកម្ពុជា និងថៃ បានប៉ះទង្គិចគ្នាដោយអាវុធ បណ្ដាលអោយមានស្លាប់ និងរបួសទាំងសងខាង ក្រោយពេលទាហានថៃ បានចូលឈ្លានពានដីខ្មែរក្បែរតំបន់ប្រាសាទព្រះវិហារ៕
No comments:
Post a Comment