Friday, November 8, 2013

ព្យុះ​​ហាយ​យ៉ាន់​នឹង​បោក​បក់​​លើ​​​ខ្ពង់​រាប​​ខាង​ជើង និង​​​ឦសាន​កម្ពុជា

Friday, 08 November 2013
ឃុត សុភចរិយា
ភ្នំពេញ ប៉ុស្តិ៍

_MG_1022
ភ្លៀងធ្លាក់ខ្លាំង នៅរាជធានីភ្នំពេញ​ កាល​ពី​ម្សិល​មិញ​។ រូបថត ហុង មិនា
ភ្នំពេញៈ តំបន់​ខ្ពង់​រាប​ភាគ​ខាង​ជើង និង​ខ្ពង់រាប​ភាគ​ឦសាន​ប្រទេស​កម្ពុជា​នឹង​មាន​ភ្លៀង​ខ្យល់​បក់​បោក​ខ្លាំង​ នៅ​ថ្ងៃ​ទី​ ១០ និងទី ១១ ខាង​មុខ​នេះ​ទៀត។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ កម្ពុជា នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។
សេចក្ដី​ជូន​ដំណឹង​នោះ លោក លឹម គានហោ រដ្ឋ​មន្ត្រី​ក្រសួង​ធន​ធាន​ទឹក​ និង ឧតុនិយម បាន​ព្យាករណ៍​ថា ព្យុះ​ទី​៣០ ឈ្មោះ​ហាយ​យ៉ាន់ (HAIYAN) ដែល​បាន​វាយ​ប្រហារ​លើ​ប្រទេស​ហ្វីលីពីន កំពុង​ធ្វើ​ដំណើរ​មក​កាន់​តំបន់​ឆ្នេរ​ប្រទេស​វៀតណាម​ភាគ​កណ្ដាល។
តាម​ការ​ព្យាករណ៍​របស់​លោក ព្យុះ​នេះ​នឹង​មក​ដល់​តំបន់​ឆ្នេរ​ប្រទេស​វៀតណាម​ភាគ​កណ្ដាល​​នៅ​យប់​ថ្ងៃ​ ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៣។ ពេល​ព្យុះ​នេះ​មក​ដល់​នឹង​គ្រប​ដណ្ដប់​លើ​តំបន់​ឆ្នេរ​ប្រទេស​វៀត​ណាម​ភាគ​ កណ្ដាល​ហើយ​នោះ វា​នឹង​ធ្វើ​ឲ្យ​តំបន់​​​ខ្ពង់​រាប​ភាគ​ខាង​ជើង និង​ខ្ពង់រាប​ភាគ​ឦសាន​ប្រទេស​កម្ពុជា ដែល​រួម​មាន ខេត្ត​ឧត្តរ​មាន​ជ័យ ព្រះ​វិហារ រតនគីរី មណ្ឌល​គិរី ស្ទឹង​ត្រែង នឹង​ខេត្ត​ក្រចេះ មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន នឹង​មាន​ខ្យល់​កន្ត្រាក់​បោក​បក់​ខ្លាំង​មក​ជាមួយ​ផង ចាប់​ពី​ថ្ងៃ​ទី១០ ដល់​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ ២០១៣។
ដោយ​ឡែក​នៅ​ថ្ងៃ​សុក្រ​នេះ វិសម្ពាធ​ថ្មី​មួយ​ទៀត នឹង​ធ្វើ​ដំណើរ​ឆ្លង​កាត់​លើ​ផ្ទៃ​សមុទ្រ​ជ្រោយ​ឥណ្ឌូចិន ដែល​ស្ថានភាព​បាតុភូត​អាកាសធាតុ​ទាំង​ពីរ ខាង​លើ នឹង​ធ្វើ​ឲ្យ​ខេត្ត​មួយ​ចំនួន នៅ​តំបន់​ទំនាប​កណ្ដាល និង​តំបន់​ឆ្នេរ​កម្ពុជា មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន និង​ធ្វើ​ឲ្យ​រលក​សមុទ្រ​មាន​កម្ពស់​ពី ១ ម៉ែត្រ​ទៅ ២ ម៉ែត្រ ចាប់​ពី​ថ្ងៃ ទី០៥ ដល់ ទី០៩ ខែ វិច្ឆិកា ស្អែក​នេះ។
កាល​ពី​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី ៨ វិច្ឆិកា​នេះ មាន​សេចក្តី​រាយ​ការណ៍​ពី​ខេត្ត​ពោធិ៍សាត់ ថា​លំនៅឋាន និង​អគារ​រដ្ឋបាល​សាធារណៈ​របស់​រដ្ឋ សរុប​ជាង ៤០០ ខ្នង នៅ​ស្រុក​ក្រគរ បាន​រង​ការ​លិច​លង់​ដោយសារ​ទឹក​ហូរ​បុក​យ៉ាង​គ្រហុក​ពី​លើ​ភ្នំ និង​តំបន់​ច្រក​ល្អៀង។
ថ្មីៗ​កន្លង​មក​នេះ​ប្រទេស​កម្ពុជា​ បាន​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ពី​ឥទ្ធិពល​នៃ​ប្រព័ន្ធ​វិសម្ពាធ​ទាប ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បំម្រែ​បំម្រួល​អាកាសធាតុ។
យោង​តាម​របាយ​ការណ៍​របស់​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​ការ​ប្រែប្រួល​ អាកាស​ធាតុ បាន​បង្ហាញ​ថា គ្រោះ​ទឹក​ជំនន់​​នៅ​ឆ្នាំ​នេះ បាន​បង្ក​ការ​ខាតបង់​ទ្រព្យ​សម្បត្តិ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​សរុប​ជា​ទឹក​ប្រាក់ ​ប្រមាណ ៨០០ លាន​ដុល្លារ​អាមេរិក និង​បង្ករ​ឲ្យ​មនុស្ស ១៦៨ នាក់​ស្លាប់ ហើយ​ប្រជាជន​ជាង ១,៨ លាន​នាក់ រង​ផលប៉ះពាល់ និង​ខូច​ខាត​ដំណាំ​ស្រូវ​ប្រមាណ​ជាង ៣០ ម៉ឺន​ហិកតា។

No comments:

Post a Comment