សង្គមស៊ីវិលទាមទារឲ្យក្រុមហ៊ុនដាំអំពៅបីផ្តល់ដីមកឲ្យប្រជាពលរដ្ឋក្រីក្រវិញ
សង្គមស៊ីវិលទាមទារឲ្យក្រុមហ៊ុនដាំអំពៅរបស់ថៃ ចំនួនពីរ និងក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ ផ្តល់ដីដែលពួកគេរឹបអូសយកពីប្រជាពលរដ្ឋ តាមរយៈគម្រោងសម្បទាននោះ មកឲ្យប្រជាពលរដ្ឋក្រីក្រ ដើម្បីបង្កបង្កើនផលវិញ។ដោយ តាំង សារ៉ាដា
2013-11-08
RFA
ស្ដាប់ ឬ ទាញយកសំឡេង
អង្គការសមធម៌កម្ពុជា បានអោយដឹងថា ក្រុមហ៊ុនថៃ ឈ្មោះ ខេ.អែស.អិល (KSL) និងក្រុមហ៊ុន មីត ផូល (Mitr Phol) ដែលដាំអំពៅធ្វើស្ករស លើដីរាប់ម៉ឺនហិកតារ ចាប់តាំងពីឆ្នាំ២០០៦ មកនោះ បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរតាមរយៈការបណ្ដេញពលរដ្ឋចេញពី លំនៅឋានដោយបង្ខំ។ ក្រុមហ៊ុនទាំងពីរបានឈូសឆាយដីស្រែចម្ការ និងដុតផ្ទះសម្បែងជាច្រើនខ្នង និងព្រៃឈើសហគមន៍របស់ពលរដ្ឋចោលថែមទៀត។
កាលពីឆ្នាំ២០០៦ រដ្ឋាភិបាលកម្ពុជា បានផ្តល់ដីសម្បទានសេដ្ឋកិច្ចចំនួនជាង ២ម៉ឺនហិកតារ ដល់ក្រុមហ៊ុនថៃ មួយឈ្មោះ ខេ.អែស.អិល ដើម្បីដាំអំពៅធ្វើស្ករស ប៉ុន្តែក្នុងចំណោមទំហំដីទាំងនោះ បានប៉ះទង្គិចដល់ដីចម្ការ និងដីភូមិរបស់ពលរដ្ឋចំនួនជាង ១ពាន់គ្រួសារ ក្នុងផ្ទៃដីទំហំជាង ១.៣០០ហិកតារ។
របាយការណ៍កម្រាស់ជាង ១០០ទំព័ររបស់អង្គការសមធម៌កម្ពុជា ដែលមានចំណងជើងថា «ការប្រមូលផលផ្អែមតែល្វីង» ដែលចេញផ្សាយនៅថ្ងៃសុក្រ នេះ បានរកឃើញថា យ៉ាងហោចណាស់មានបុរសក្មេងចាស់ប្រុសស្រីជាង ១ពាន់គ្រួសារ ត្រូវបានគេបណ្ដេញចេញពីដីធ្លី ផ្ទះសម្បែង និងស្រែចម្ការ ដោយសារដំណាំកសិឧស្សាហកម្មស្ករអំពៅរបស់ក្រុមហ៊ុនថៃ នៅខេត្តកោះកុង និងខេត្តឧត្តរមានជ័យ។ ហើយយ៉ាងហោចណាស់ មានកុមារក្រោមអាយុ ១០ឆ្នាំចំនួន ៨៥នាក់ កំពុងធ្វើការដោយប្រើកម្លាំងយ៉ាងធ្ងន់ធ្ងរក្នុងចម្ការអំពៅនៅតាម បណ្ដាខេត្តទាំងនោះ។
នៅស្រុកស្រែអំបិល ខេត្តកោះកុង ក្រុមហ៊ុនថៃ ឈ្មោះ ខេ.អែស.អិល ដែលមានភាគហ៊ុន ៧០% បានរកស៊ីចូលគ្នាជាមួយក្រុមហ៊ុនថៃ មួយទៀតឈ្មោះ វីវុង (Vewong) មានភាគហ៊ុន ៣០% គ្រប់គ្រងលើផ្ទៃដីជិត ២ម៉ឺនហិកតារ។ ចំណែកក្រុមហ៊ុនថៃ ឈ្មោះ មីត ផូល នៅខេត្តឧត្តរមានជ័យ វិញ ក៏ទទួលបានដីសម្បទានវិនិយោគដាំអំពៅលើដីជិត ២ម៉ឺនហិកតារ ដូចគ្នាដែរ។ ក្រុមហ៊ុន មីត ផូល ជាក្រុមហ៊ុនលក់ស្ករសទៅឲ្យក្រុមហ៊ុន កូកាកូឡា (Coca-Cola) ធំជាងគេទី២នៅអាស៊ី។
ចាប់តាំងពីខេត្តកោះកុង រហូតដល់ខេត្តឧត្តរមានជ័យ ធ្លាយដល់ខេត្តកំពង់ស្ពឺ ដំណាំកសិឧស្សាហកម្មអំពៅមានជាប់ពាក់ព័ន្ធច្រើនជាមួយលោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាពីខាងបក្សកាន់អំណាច។ លោកឧកញ៉ា លី យ៉ុងផាត់ ធ្លាប់មានភាគហ៊ុន ២០% ជាមួយក្រុមហ៊ុន ខេ.អែស.អិល នៅខេត្តកោះកុង។ ប៉ុន្តែក្រោយមក លោកបានលក់ភាគហ៊ុននោះទាំងអស់ឲ្យទៅក្រុមហ៊ុន ខេ.អែស.អិល ដោយសារលោកឧកញ៉ាដ៏មានទ្រព្យធន និងមានទំនាក់ទំនងស្អិតល្មួតជាមួយបក្សប្រជាជនកម្ពុជា រូបនេះ បានទទួលដីសម្បទានដំាំអំពៅជិត ២ម៉ឺនហិកតារ ក្នុងខេត្តកំពង់ស្ពឺ ដែរ។
ប៉ុន្តែ អង្គការសមធម៌កម្ពុជា រកឃើញថា ដីសម្បទានទំហំជាង ២ម៉ឺនហិកតាររបស់លោកឧកញ៉ា លី យ៉ុងផាត់ នោះបានប៉ះទង្គិចធ្ងន់ធ្ងរទៅលើដីទំហំជាង ២ពាន់ហិកតារ របស់ពលរដ្ឋជាង ១ពាន់គ្រួសារ ក្នុងភូមចំនួន១០ នៅខេត្តកំពង់ស្ពឺ។
ប្រធានអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី មានប្រសាសន៍ថា ក្រុមហ៊ុនថៃ ទាំងនេះ និងក្រុមហ៊ុនរបស់ លោក លី យ៉ុងផាត់ បានធ្វើឲ្យពលរដ្ឋរាប់រយគ្រួសារធ្លាក់ខ្លួនរស់នៅក្នុងភាពទុរគត ខ្វះខាតស្បៀងអាហារ ផ្ទះសម្បែង ដីស្រែចម្ការសម្រាប់បង្កបង្កើនផល ហើយមនុស្សជាច្រើនទៀតបានបង្ខំចិត្តចំណាកស្រុកទៅរកការងារធ្វើ ក្នុងប្រទេសថៃ៖ «ចាប់តាំងពី២០០៦ នៅខេត្តកោះកុង ហើយបន្តបន្ទាប់មកទៀតនៅខេត្តឧត្តរមានជ័យ និងកំពង់ស្ពឺ។ យើងឃើញមានការបណ្ដេញពលរដ្ឋដោយហិង្សា មានការចាប់ខ្លួនប្រជាពលរដ្ឋដាក់ពន្ធនាគារ ហើយយើងឃើញថា ប្រជាពលរដ្ឋទាំងអស់ហ្នឹងត្រូវបង្ខំចិត្តចាកចេញពីភូមិរបស់ពួក គាត់ទៅរកការងារនៅប្រទេសថៃ ឬបង្ខំចិត្តធ្វើការឲ្យក្រុមហ៊ុនដូចជាខេត្តកោះកុង និងកំពង់ស្ពឺ ជាដើមហ្នឹង។ យើងឃើញជីវភាពរបស់ពួកគាត់មានការលំបាកមែនទែន បន្ទាប់ពីត្រូវបានក្រុមហ៊ុនអស់ហ្នឹងរឹបអូសយកដីធ្លី»។
វិទ្យុអាស៊ីសេរី មិនអាចសុំសេចក្តីអត្ថាធិប្បាយពីលោកឧកញ៉ា លី យ៉ុងផាត់ បានទេ អំពីការចោទប្រកាន់ទាំងនេះ។ ប៉ុន្តែលោកធ្លាប់ប្រាប់វិទ្យុអាស៊ីសេរី កាលពីឆ្នាំ២០១១ ថា លោកជាអ្នកនាំវិនិយោគថៃ ទាំងនោះមកបណ្ដាក់ទុននៅកម្ពុជា ដើម្បីស្ដារកម្រិតជីវភាពរស់នៅរបស់ពលរដ្ឋ។
ក្រុមហ៊ុនធ្វើស្ករសនៅស្រុកខ្មែរភាគច្រើន បានលក់ផលិតផលរបស់ខ្លួនទៅឲ្យក្រុមហ៊ុនស្ករសដ៏ធំមួយនៅប្រទេស អង់គ្លេស ឈ្មោះ Tate & Lyle។ ក្រុមអ្នកស្រាវជ្រាវរកឃើញថា រហូតមកដល់ពេលនេះ ក្រុមហ៊ុន Tate & Lyle បានចំណេញពីផលិតផលស្ករសនៅកម្ពុជា ក្នុងតម្លៃជាង ១០លានដុល្លារសហរដ្ឋអាមេរិក។
កាលពីថ្ងៃទី២៣ ខែកក្កដា កាសែតThe Guardian របស់អង់គ្លេស បានចុះផ្សាយថា ក្រុមហ៊ុន Tate & Lyle Sugar បានទិញស្ករសដែលប្រើប្រាស់កម្លាំងពលកម្មកុមារ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។
ក្រុមមេធាវីអន្តរជាតិបានប្ដឹងក្រុមហ៊ុន Tate & Lyle ទៅតុលាការពាណិជ្ជកម្មនៅប្រទេសអង់គ្លេស ឲ្យសងលុយចំណេញពីស្ករសជាង ១០លានដុល្លារសហរដ្ឋអាមេរិក នោះ មកឲ្យអ្នកភូមិវិញ ដោយសារការជួញដូរផលិតផលស្ករសនេះធ្វើឡើងខុសពីក្រមសីលធម៌ ពាណិជ្ជកម្ម និងច្បាប់អន្តរជាតិ។
មេធាវីអាមេរិកាំង លោក Mark Moorstein ដែលធ្វើការឲ្យក្រុមហ៊ុនមេធាវី Rees Broome ហើយដែលជាអ្នកសកម្មធ្វើកិច្ចការក្នុងករណីទំនាស់របស់ពលរដ្ឋស្រុក ស្រែអំបិល មានប្រសាសន៍ថា ក្រុមហ៊ុន Tate & Lyle ត្រូវសងលុយជាង ១០លានដុល្លារសហរដ្ឋអាមេរិក មកឲ្យពលរដ្ឋរងគ្រោះវិញ៖ «គោលបំណង របស់យើងសម្រាប់ករណីក្ដីក្ដាំនេះ គឺយើងយល់ថា ផលិតស្ករសទាំងនោះនៅតែជាកម្មសិទ្ធិរបស់ពលរដ្ឋ។ ដូច្នេះ ប្រសិនបើស្ករសទាំងនោះនៅតែជារបស់ពលរដ្ឋ នោះក្រុមហ៊ុន T & L មិនអាចលក់ស្ករទាំងនេះទៅឲ្យអ្នកផ្សេងបានទេ។ ហើយក្រុមហ៊ុននេះមានកាតព្វកិច្ចត្រូវសងលុយស្ករសទាំងនោះមកឲ្យ ប្រជាពលរដ្ឋវិញ»។
លោកបន្តថា តុលាការពាណិជ្ជកម្មនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នឹងបើកសវនាការអំពីករណីរបស់ក្រុមហ៊ុន Tate & Lyle Sugar នៅពាក់កណ្ដាលឆ្នាំ២០១៤។
ជាមួយគ្នានេះផងដែរ លោក អៀង វុទ្ធី មានប្រសាសន៍ថា ពលរដ្ឋសហគមន៍ដែលរងផលប៉ះពាល់ដោយដំណាំអំពៅរបស់ក្រុមហ៊ុន ខេ.អែស.អិល មីត ផូល និងក្រុមហ៊ុនរបស់ លោក លី យ៉ុងផាត់ បានទាមទារឲ្យក្រុមហ៊ុនទាំងនេះសងដីកសិកម្មរបស់ពួកគេមកវិញ និងសងជំងឺចិត្តដល់ការខាតបង់រកចំណូលប្រចាំថ្ងៃរបស់ពួកគេក្នុង រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ លើសពីនេះទៅទៀត ក្រុមប្រជាពលរដ្ឋបានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ទទួលខុសត្រូវចំពោះការផ្តល់សម្បទានដែលខ្វះការសិក្សាជាមុន អំពីផលប៉ះពាល់ធ្ងន់ធ្ងរដល់សហគមន៍៕
No comments:
Post a Comment