កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ ព្រួយបារម្ភពីការឡើងថ្លៃទំនិញនៅលើទីផ្សារ
ដោយ៖ កែវ រតនៈ និង ស៊ុន ណារិនថ្ងៃអង្គារ៍ ទី26 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
កម្មករោងចក្រកាត់ដេរ ទិញអាហារទទួលទាន (រូបថត AP)
កម្មករមួយចំនួនធ្វើការនៅតាមរោង
ចក្រកាត់ដេរសម្លៀកបំពាក់ នៅរាជធានីភ្នំពេញ និងមន្ត្រីសហជីព
ត្អូញត្អែរពីការឡើងថ្លៃទំនិញនៅលើទីផ្សារ
ខណៈប្រាក់ឈ្នួលរបស់កម្មករ នៅមានចំនួនតិចនៅឡើយ
ដែលមិនអាចបំពេញតម្រូវការរស់នៅបាន។
ក្រុមកម្មករ
ដែលVODបានសាកសួរនៅរសៀលថ្ងៃអង្គារនេះ បានឲ្យដឹងស្រដៀងៗគ្នាថា
ម្ហូបអាហារ ដែលពួកគេទិញសម្រាប់បរិភោគប្រចាំថ្ងៃ
ចាប់ផ្តើមឡើងថ្លៃ។
កម្មករមួយរូបធ្វើការនៅរោងចក្រស៊ី
វវេង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ អ្នកស្រី ឌី យន់ ប្រាប់VODថា
ជីវភាពរាល់ថ្ងៃរបស់កម្មកររាល់ថ្ងៃ នៅមិនទាន់សមរម្យនៅឡើយទេ
ហើយពេលនេះ ទំនិញឡើងថ្លៃ ដែលនឹងធ្វើឲ្យការរស់នៅកាន់តែលំបាក។
អ្នកស្រីសង្ឃឹមថា នៅឆ្នាំ២០១៤ ខាងមុខនេះ ប្រាក់ឈ្នួលពួកគាត់
នឹងត្រូវបានដំឡើងឲ្យស្របតាមទំនិញដែលកំពុងតែឡើងថ្លៃនេះ ៖
"បន្លែឡើង ធ្លាប់តែលើកមុន ៣០០០រៀល ឥឡូវឡើង ៥ទៅ៦០០០រៀល
ផ្សេងទៀតក៏ឡើង គ្រាន់តែថាចេះតែធ្វើសិនទៅ
ចាំមើលក្រែងលោឆ្នាំ២០១៤ ក្រែងលោឡើងអីមិនដឹង"។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង
ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញផ្សាយកាលពីថ្ងៃចន្ទ ឲ្យដឹងថា
នៅថ្ងៃពុធស្អែកនេះ ក្រសួង និងអនុក្រុមការងារចម្រុះត្រីភាគី
និងដៃគូពាក់ព័ន្ធ ដែលមានសមាសភាពតំណាងមកពីខាងរដ្ឋាភិបាល
តំណាងមកពីខាងនិយោជក និងតំណាងមកពីខាងសហជីព
នឹងបើកកិច្ចប្រជុំពិភាក្សា
ដើម្បីរិះរកវិធីដំឡើងប្រាក់ឈ្នួលដល់កម្មករបន្ថែម។
កម្មការិនីមួយរូបទៀត កញ្ញា នួន វណ្ណី
ឲ្យដឹងថា អង្ករ ត្រី សាច់
ឡើងថ្លៃជាបន្តបន្ទាប់ធ្វើឲ្យជីវភាពគាត់កាន់តែពិបាក។ កញ្ញាបន្តថា
ជារៀងរាល់ខែ គាត់មិនមានសល់ប្រាក់
សម្រាប់ផ្ញើទៅឲ្យគ្រួសារនោះទេ ព្រោះថាត្រូវចំណាយច្រើន ៖
"និយាយរួមទៅច្រើន សូម្បីតែអង្ករក៏ឡើងថ្លៃ
សាច់ជ្រូកក៏ឡើងថ្លៃដែរ ប៉ះពាល់បង
ព្រោះអីយើងធ្វើការបានប្រាក់ខែតិច កាលណាម្ហូបថ្លៃ
យើងត្រូវការទិញម្ហូបអញ្ចឹងទៅវាខ្វះខាតដែរ"។
ប្រធានសម្ព័ន្ធសហជីពកម្ពុជាអ្នកស្រី
យ៉ាង សុភ័ណ្ឌ មានប្រសាសន៍ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ កម្មករ
បម្រើការនៅរោងចក្រកាត់ដេរ បានលើកឡើងពីបញ្ហាទំនិញឡើងថ្លៃនេះ។
លោកស្រីបន្តថា ប្រសិនបើរាជរដ្ឋាភិបាល មិនមានវិធានការទប់ស្កាត់ទេនោះ
បាតុកម្មនឹងកើតមានពីកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ ព្រោះថា
ប្រាក់ឈ្នួលរបស់កម្មករ តិចតួច ហើយទំនិញចេះតែឡើថ្លៃ ៖
"ល្ងាចមិញដែលខ្ញុំទៅជួបកម្មករ
នៅមុខរោងចក្រនៅផ្លូវជាតិលេខ២ហ្នឹង
កម្មកររអ៊ូរទាំប្រាប់ខ្ញុំជាច្រើន
ទាក់ទងនឹងទំនិញឡើងថ្លៃអីអញ្ចឹង
គាត់ថាប្រាក់ខែគ្រាន់តែលឺសូរថាឡើងក្នុងឆ្នាំ២០១៤
ឥឡូវទំនិញឡើងមុនប្រាក់ខែទៀត"។
កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់
និងស្បែកជើង បច្ចុប្បន្នទទួលបានប្រាក់ឈ្នួលគោល៧៥ដុល្លារ
បន្ទាប់ពីត្រូវបានដំឡើងពី៦១ដុល្លារ កាលពីមុនការបោះឆ្នោតថ្ងៃទី២៨
ខែកក្កដា។ គណបក្សសង្គ្រោះជាតិ បានប្រកាសគោលនយោបាយរបស់ខ្លួនថា
នឹងដំឡើងប្រាក់ខែដល់កម្មករដល់ទៅ ១៥០ដុល្លារក្នុងមួយខែ
ប្រសិនបើខ្លួនឈ្នះការបោះឆ្នោត។
អ្នកវិភាគសេដ្ឋកិច្ច លោកបណ្ឌិត កង
ច័ន្ទតារារ័ត្ន មានប្រសាសន៍ថា ទំនិញឡើងថ្លៃនេះ
បណ្តាលមកពីរាជរដ្ឋាភិបាល ធ្វើកំណែទម្រង់លើផ្នែកពន្ធ និងគយ
ដោយរឹតបន្តឹងយកពន្ធលើទំនិញច្បាស់លាស់ជាងមុនតែប៉ុណ្ណោះ
មិនមែនមានការដំឡើងពន្ធនោះទេ។ លោកបន្តថា
ករណីនេះមិនធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជានោះទេ ៖
"នៅពេលដែលយើងចាប់ផ្តើមប្រមូលពន្ធច្បាស់លាស់ពេលហ្នឹង
គឺអ្វីដែលប៉ះពាល់ដំបូងបំផុតហ្នឹង គឺថ្លៃនៅក្នុង
ទំនិញនៅក្នុងទីផ្សារហ្នឹង វានឹងកើនឡើងជាងមុន ធម្មតាទេ
ការឡើងថ្លៃដោយសារការយកពន្ធត្រឹមត្រូវនេះ
វាមិនបង្កផលវិបាកដល់សេដ្ឋកិច្ចទេ"។
អាជីវករតាមផ្សារមួយចំនួននៅកម្ពុជា
កត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ
ទំនិញប្រើប្រាស់ប្រចាំថ្ងៃ ស្ទើរតែគ្រប់ប្រភទ ដែលមានលក់នៅលើទីផ្សារ
បានឡើងថ្លៃខុសពីធម្មតា ដែលនាំឲ្យឈ្មួញកណ្តាល
និងអ្នកលក់ទំនិញបន្ត ស្ទាក់ស្ទើរក្នុងការទិញទំនិញចូល
ព្រោះខ្លាចលក់មិនចេញ។ ពួកគេយល់ឃើញថា ទំនិញឡើងថ្លៃនេះ
គឺបណ្តាលមកពីការរឹតបន្តឹងពន្ធគយតាមព្រំដែន៕
No comments:
Post a Comment