Tuesday, December 3, 2013

កិច្ច​ប្រជុំ​ដើម្បី​អភិរក្ស​ប្រាសាទ​បុរាណ​នៅ​តំបន់​អង្គរវត្ត

ក្រុម​អ្នក​បច្ចេកទេស​ផ្នែក​បុរាណវិទ្យា និង​វិទ្យាសាស្ត្រ​ចម្រុះ​ជាតិ​សាសន៍​ជាច្រើន​ប្រទេស កំពុង​ជួប​ពិភាក្សា​គ្នា​រយៈពេល ២​ថ្ងៃ នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​២០ របស់​ក្រុម​គណៈកម្មាធិការ​សម្រប​សម្រួល​បេតិកភណ្ឌ​អន្តរជាតិ (អាយ.ស៊ី.ស៊ី = ICC) នៅ​ឯ​ខេត្ត​សៀមរាប។

ដោយ ហង្ស សាវយុត
2013-12-03
RFA

ដើម​ឈើ​រលំ​សង្កត់​ប្រាសាទ ខេត្ត​សៀមរាប ៦១០
ដើម​ឈើ​ដែល​មាន​ទទឹង​ប្រហែល ១​ម៉ែត្រ និង​កម្ពស់​ប្រមាណ ២០​ម៉ែត្រ រលំ​សង្កត់​ប្រាសាទ​ព្រះខ័ន បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ​២០១៣។ RFA/Hang Savyouth
កិច្ច​ប្រជុំ​ដែល​សហការ​រៀប​ចំ​ដោយ​អាជ្ញាធរ​អប្សរា និង​អង្គការ​យូណេស្កូ (UNESCO) គឺ​ដើម្បី​ពិនិត្យ​ទៅ​លើ​របាយការណ៍​បច្ចេកទេស​នានា​នៃ​កិច្ច​ការពារ​អភិរក្ស ​ប្រាសាទ​បុរាណ​ជាច្រើន នៅ​ក្នុង​តំបន់​អង្គរ ព្រម​ទាំង​ផ្ដល់​អនុសាសន៍​ទៅ​លើ​គម្រោង​ថ្មីៗ ដែល​គ្រោង​នឹង​ដំណើរ​ការ​ជួសជុល​ថែទាំ ព្រម​ទាំង​ការពារ​ទៅ​លើ​ទី​បុរាណ​ដ្ឋាន​ជាច្រើន​ទៀត។
អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី គឺ​លោក ផៃ ស៊ីផាន។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៣ ខែ​ធ្នូ ថា កិច្ច​ប្រជុំ​នោះ គឺ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ជំនាញ និង​បច្ចេកទេស​សុទ្ធសាធ ដែល​ពាក់ព័ន្ធ​ដល់​កិច្ច​ការពារ​បេតិកភណ្ឌ​ពិភពលោក​នៃ​ប្រទេស​កម្ពុជា៖ «លើក ​នេះ​សម្រាប់​និយាយ​អំពី​បច្ចេកទេស​ក្នុង​ការ​អនុវត្តន៍​អភិរក្ស កសាង ឬ​ការ​វាយ​តម្លៃ​នៅ​ក្នុង​កម្មវិធី​ដែល​កំពុង​តែ​ដំណើរ​ការ ហើយ​និង​អនុញ្ញាត​ឱ្យ​កម្មវិធី​ថ្មី​ណា​ចូល​មក​រួម​ការងារ។ នៅ​ពេល​ម្ដុំ​ខែ​មិថុនា ឬ​ក៏​កក្កដា ខាង​មុខ គឺ​គេ​នឹង​និយាយ​អំពី​គោលការណ៍ តើ​ការ​គ្រប់គ្រង​មាន​ដំណើរ​ការ​របៀប​ម៉េច? ដូច្នេះ អនុសាសន៍​ខែ​ធ្នូ នេះ សម្រាប់ ១២​ខែ ធ្វើ​ការ ហើយ​រយៈពេល ១២​ខែ​នេះ គឺ​គេ​វាយ​តម្លៃ​ថា តើ​គោលការណ៍​នៃ​ការ​អនុវត្តន៍​របស់​គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ ជាមួយ​អាជ្ញាធរ​អប្សរា​ហ្នឹង វា​ត្រឹមត្រូវ​សមរម្យ​ឬ​ទេ?»
កិច្ច​ប្រជុំ​រយៈពេល ២​ថ្ងៃ​នេះ គឺ​មាន​ស្ថានទូត​បារាំង និង​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា ធ្វើ​ជា​សហ​ប្រធាន។ ចាប់​តាំង​ពី​ឆ្នាំ​១៩៩២ ដែល​ប្រាសាទ​អង្គរវត្ត​បាន​ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​មក គឺ​កិច្ច​ប្រជុំ អាយ.ស៊ី.ស៊ី បាន​ចាប់​ផ្ដើម​ឡើង​ក្នុង​១​ឆ្នាំ​ចំនួន ២​ដង រយៈពេល​២​លើក​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments:

Post a Comment