Friday, December 20, 2013

មន្ត្រី​ជំនាញ​នៅ​ពី​ក្រោយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ ភ្នំ ឱរ៉ាល់

Friday, 20 December 2013
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញ ប៉ុស្តិ៍

131220_01
សកម្មភាពអារឈើ​ខុសច្បាប់​នៅ​ក្នុង​បរិវេណ​ដែន​ ជម្រកសត្វ​ព្រៃ​ភ្នំឱរ៉ាល់។ ឧក្រិដ្ឋ​កម្ម​​កាប់​បំផ្លាញ​ព្រៃ​ឈើនេះ ត្រូវ​បាន​គេ​អះ​អាង​ថា មានមន្ត្រី​ជំនាញ​នៅ​ពីក្រោយ​​​។ រូបថត ម៉ៃ​ ទិត្យ​ថារ៉ា
កំពង់ស្ពឺ/ ឱរ៉ាល់ៈ សំឡេង​រណារ​អារ​ឈើ​បាន​លាន់​ឮ​រំពង​ព្រៃ នៅ​ក្នុង​បរិវេណ​ដែន​ជម្រក​សត្វ​ព្រៃ ភ្នំ ឱរ៉ាល់ ចំណែក​ឯ​ឈើ​ជាច្រើន​ត្រូវ​បាន​គរ​ទុក​ដើម្បី​រង់ចាំ​ឈ្មួញ​មក​ទិញ ហើយ​គោយន្ត​ក៏​បាន​ចាប់​ផ្តើម​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ ដោយ​ពុំ​មាន​មន្ត្រី​សមត្ថកិច្ច​ជំនាញ​ណា​ម្នាក់​ចេញ​មក​ការពារ​ក្រៅ ពី​អង្គុយ​យក​លុយ​ពី​ឈ្មួញ​ឈើ​ទាំង​នោះ​ឡើយ។
ទឹក​មុខ​ក្រៀម​ក្រំ ដោយ​សារ​តែ​ឃើញ​វិនាសកម្ម​ព្រៃឈើ​ដែល​ធ្លាប់​តែ​គ្រប​ដណ្តប់​នៅ​ក្នុង​តំបន់ ដែល​ធ្លាប់​រស់​នៅ​តាំង​ពី​កុមារភាព ព្រះ​តេជគុណ សំ គឹមសាត ព្រះ​ជន្ម ៦៥ វស្សា ជា​អ្នក​ដែល​ចេញ​មុខ​យ៉ាង​សកម្ម​ក្នុង​ការ​ការពារ​ព្រៃ​ឈើ​ជំនួស​មន្ត្រី ជំនាញ​បាន​មាន​សង្ឃដីកា​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វ ភ្នំ ឱរ៉ាល់ គឺ​កើត​ឡើង​តាម​រយៈ​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ រដ្ឋាភិបាល ដូចជា​ក្រុមហ៊ុន លី យ៉ុងផាត់ កាប់​ឈើ​ដើម្បី​ដាំ​អំពៅ និង​ក្រុមហ៊ុន ចិន អេច អិល អេច កាប់​ឈើ​ដើម្បី​ដាំ​ពោត រួម​ទាំង​អ្នក​ដែល​រក​ស៊ី​កាប់​ឈើ​ប្រណីតៗ​នៅ​ក្នុង​ស្រុក ឱរ៉ាល់ នេះ។ ព្រះអង្គ​បាន​មាន​សង្ឃដីកា​ថា៖ «ឈ្មោះ គា ជា​អ្នក​ទទួល​ទិញ​ធំ​ដើម្បី​យក​ទៅ​លក់ ឲ្យ​ក្រុមហ៊ុន ទ្រី ភាព ចំណែក​អ្នក​ដើរ​ប្រមូល​ទិញ​នៅ​ក្នុង​ភូមិ​យក​ទៅ​លក់​ឲ្យ​ឈ្មោះ គា គឺ​ឈ្មោះ ខា»។
ព្រះអង្គ​បាន​មាន​សង្ឃដីកា​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដែល​គ្រោះថ្នាក់​បំផុត​គឺ​ប្រមាណ ៥ឆ្នាំ​ចុង​ក្រោយ​នេះ។ កាល​ពី​ដើម​ឡើយ​នៅ​ក្នុង​តំបន់ ឱរ៉ាល់ នេះ​គឺ​ពោរពេញ​ទៅ​ដោយ​ដើម​ឈើ​ធំៗ ហើយ​សុទ្ធ​តែ​ជា​ប្រភេទ​ឈើ​ប្រណីត ប៉ុន្តែ​នៅ​ពេល​ដែល​ក្រុមហ៊ុន​ចាប់​ផ្តើម​ចូល​មក​គឺ​ការ​បំផ្លាញ​មាន​យ៉ាង​ គំហុក​តែ​ម្តង។ ព្រះអង្គ​បាន​មាន​សង្ឃដីកា​បន្ថែម​ថា៖ «បច្ចុប្បន្ន​នៅ​ពេល​ដែល​អាត្មា​និមន្ត​ទៅ​ណា ឃើញ​សុទ្ធ​តែ​វាល​ល្ហល្ហេវ បាត់​អស់​រលីង​ធម្មជាតិ​បៃតង អាត្មា​ស្ទើរ​ស្រក់​ទឹក​ភ្នែក​ស្តាយ​ព្រៃ​ឈើ​និង​ធនធាន​ធម្មជាតិ​ដែល​បាន​ បាត់​បង់»។
ព្រះអង្គ​បាន​មាន​សង្ឃដីកា​បន្ថែម​ថា ដី​នេះ​គឺជា​ដី​តំបន់​ព្រះ​រាជក្រឹត្យ ដូច្នេះ​ហើយ​បាន​សម្បូរ​ព្រៃឈើ សត្វ​ព្រៃ ហើយ​មាន​ពេល​ខ្លះ​ក៏​មាន​ខ្លា ដើរ​មក​ចូល​ក្នុង​ភូមិ​ផង​ដែរ តែ​ក្រោយ​មក​ក៏​បាន​ក្លាយ​ជា​តំបន់​ដែល​កាប់​ព្រៃ​ឈើ​ខ្លាំង​ជាង​គេ ដោយ​សារ​តែ​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ទៅ​ក្រុមហ៊ុន ឯកជន។ ព្រះអង្គ​បាន​មាន​សង្ឃដីកា​បន្ត​ថា៖ «ពី​មុន​ព្រៃ​ក្រាស់​សត្វ​រស់​នៅ រាយប៉ាយ​គ្រប់​ទី​កន្លែង តែ​ដោយ​សារ​តែ​ការ​កាប់​ព្រៃ​នៅ​ក្នុង​តំបន់​នេះ​បាន​បណ្តាល​ឲ្យ​សត្វ​ព្រៃ​ រត់​មក​នៅ​ជុំ​គ្នា​នៅ​ត្រង់​ចំណុច​ខ្នង​ស្រល់ ដែល​មាន​ទាំង​ដំរី ខ្លា ទន្សោង ខ្ទីង​រាប់​រយ​ក្បាល​បាន​មក​រស់​នៅ តែ​វា​អាច​នឹង​ឈាន​ទៅ​រក​ការ​បាត់បង់​ទាំង​ស្រុង​ដោយ​សារ​តែ​បច្ចុប្បន្ន នេះ​ឈ្មួញ​បាន​នាំ​គ្នា​ទៅ​កាប់​ឈើ​ដល់​តំបន់​កំពូល​ភ្នំ​ព្រៃ​ស្រោង​នេះ ហើយ។ អាត្មា​មិន​ទុក​ចិត្ត​រដ្ឋាភិបាល​ទេ​ទើប​បាន​ជា​នាំ​គ្នា​ទប់​ស្កាត់​ដោយ​ ខ្លួន​ឯង​នៅ​ពេល​ណា​ដែល​រដ្ឋាភិបាល​អាច​អភិរក្ស​ត្រឹម​ត្រូវ​គឺ​យក​វិញ​ចុះ យើង​គ្រាន់​តែ​ការពារ​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ»។
ព្រះអង្គ​មាន​សង្ឃដីកា​បន្ថែម​ថា ព្រះបាទ នរោត្តម សីហនុ បាន​ចេញ​ព្រះ​រាជក្រឹត្យ​ទុក​ដី​ព្រៃ​នេះ​ជា​តំបន់​អភិរក្ស ប៉ុន្តែ​ដល់​សម័យ​សម្តេច​តេជោ ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ទៅ​ក្រុមហ៊ុន​បំផ្លាញ​ ព្រៃ។ ព្រះអង្គ​បាន​មាន​សង្ឃដីកា​បន្ថែម​ទៀត​ថា៖ «ការ​បំផ្លាញ​ព្រៃ​ឈើ​នេះ​គឺ​មាន​ការ​រួម​ចំណែក​ពី​រដ្ឋាភិបាល​បើ​មិន​ផ្តល់ ​ដី​សម្បទាន​សេដ្ឋកិច្ច​ព្រៃ​ក៏​មិន​អស់​ដែរ»។
ព្រះអង្គ​បាន​មាន​សង្ឃដីកា​ថា កន្លែង​ឃ្លាំង​ឈើ​នោះ​គឺ​នៅ​ស្ពាន​ដែក ត្មាតពង មួយ​កន្លែង និង​ពិសេស​គឺ​នៅ​ខាង​ក្រោយ​ផ្ទះ​ឈ្មួញ​ឈើ​នៅ​ក្នុង​ភូមិ ហើយ​ការ​ដឹក​ជញ្ជូន​ឈើ​គឺ​ឈ្មួញ​ដឹក​តាម​រយៈ​រថយន្ត​ទំនើបៗ​ដែល​ពាក់​ស្លាក​ លេខ ខ.ម ធ្វើ​ឲ្យ​មន្ត្រី​បរិស្ថាន​មិន​ហ៊ាន​ឃាត់។
មិន​ខុស​គ្នា​ពី​ព្រះ​តេជគុណ គឹមសាត ប៉ុន្មាន លោក ផង់ គិត អាយុ ៥៥ឆ្នាំ ដែល​តែង​តែ​ចេញ​មុខ​ការពារ​ព្រៃ​បាន​ថ្លែង​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​គឺ​ក្រុមហ៊ុន​គេ​កាប់​មាន​ច្បាប់ ប៉ុន្តែ​ក្រៅ​ពី​ក្រុមហ៊ុន​គឺ​ការ​កាប់​អនាធិបតេយ្យ​ពី​សំណាក់​ប្រជា​ពលរដ្ឋ ​ដែល​កាប់​ធ្វើ​ធ្យូង​ដោយ​មាន​ការ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ។
លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ការពារ​ព្រៃឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ ភ្នំ ឱរ៉ាល់ នេះ​គឺជា ភារកិច្ច​របស់​មន្ត្រី​បរិស្ថាន​គឺ​លោក ឈុន ឈៀហេង និង​លោក ខន សុខុន ជា​អ្នក​ការពារ ប៉ុន្តែ​មន្ត្រី​បរិស្ថាន​ឃុប​ឃិត​យក​លុយ​ពី​គេ​ការពារ​មិន​បាន​នោះ​គឺជា រឿង​របស់​មន្ត្រី​បរិស្ថាន។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «សព្វ​ថ្ងៃ​នេះ​ខ្ញុំ​មិន​ដែល​ឃើញ​ពួក​គាត់​ការពារ​នោះ​ទេ​គឺ​ឃើញ​តែ​ដើរ​មក ​មួយ​ភ្លែតៗ​យក​លុយ​គេ​ហើយ​ទៅ​វិញ ហើយ​ឈើ​នៅ​សល់​តែ​ដើម​ឈើ​ណា​ដែល​បរិស្ថាន​បិទ​ស្លាក​សញ្ញា​ហាម​កាប់​ដើម​ឈើ​ ប៉ុណ្ណោះ​ប៉ុន្តែ​ដើម​ឈើ​ផ្សេង​ទៀត​នៅ​ក្បែរ​ស្លាក​សញ្ញា​នោះ​គឺ កាប់​គ្មាន​សល់​ទេ»។
ម៉ុន សំអាត អាយុ ៣៥ ឆ្នាំ ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ ល្ងើម បាន​មាន​ប្រសាសន៍​ថា​សព្វ​ថ្ងៃ​នេះ​ការ​ដឹក​ជញ្ចូន​ព្រៃ​ឈើ​មាន​តាម​រទេះ​គោ គោយន្ត រថយន្ត ឯ​អ្នក​ដែល​បំផ្លាញ​ព្រៃ​ឈើ​ធំ​ជាង​គេ​គឺ​ក្រុមហ៊ុន​តែ​ម្តង គឺ​គេ​ឈូស​សូម្បី​តែ​ឫស​ឈើ​មិន​ឲ្យ​សល់​ផង​ដោយ​សារ​តែ​គេ​សំអាង​ថា​គេ​មាន​ ច្បាប់។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «យើង​ការពារ​ព្រៃ​ឈើ​ប្រឆាំង​នឹង​អ្នក​មាន​អំណាច​ដែល​ជា​អ្នក​កាប់​ឈើ​នោះ​ គឺ​លំបាក​បំផុត​ហើយ​អ្នក​ដែល​ការពារ​អ្នក​កាប់​ព្រៃ​ឈើ​គឺ​ទាហាន មន្ត្រី​បរិស្ថាន និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​។ មេព្រៃ​មិន​មែន​មក​ការពារ​ព្រៃ​នោះ​ទេ​គឺ​មក​ទិញ​ឈើ​តែ​ម្តង ពីព្រោះ​គាត់​ទិញ​ទុក​នៅ​កន្លែង​គាត់​ហើយ​លក់​ឲ្យ​ឈ្មួញ​បន្ត ហើយ​បរិស្ថាន​ជា​អ្នក​យក​លុយ​ពី​ពលរដ្ឋ​កាប់​ឈើ បើ​បរិស្ថាន​មិន​យក​លុយ​មិន​មែន​ឈើ​ដឹក​ចេញ​រួច​ដែរ»។
ចំណែក​ឯ​លោក ព្រំ ធី ដែល​ប្រកប​របរ​ជា​ព្រាន​ព្រៃ​អស់​រយៈ​ពេល​ជាង ១០ឆ្នាំ បាន​ឲ្យ​ដឹង​ថា ក្រសួង​មើល​ទឹក​អស់​ត្រី ក្រសួង​មើល​ព្រៃ​អស់​ព្រៃ ដូច្នេះ​ហើយ​បាន​ជា​លោក​ដើរ​ចោល​មុខ​តំណែង​ជា​ទាហាន​ស័ក្តិ ៥ នៅ​កងពល លេខ ៧។ លោក​បាន​ឲ្យ​ដឹង​ថា៖ «គេ​មិន​ដឹង​ថា ខ្ញុំ​ឈឺ​ចាប់​ប៉ុន​ណា​នោះ​ទេ ខ្ញុំ​ទៅ​ការពារ​នៅ ព្រះវិហារ តែ​ដី​ចម្ការ​របស់​ខ្ញុំ​បែរ​ជា​ក្រុមហ៊ុន អេច អិល អេច គេ​យក​អស់ ដូច្នេះ​មិន​ដឹង​ការពារ​ដើម្បី​អី​ទៀត​ទេ មាន​តែ​ឈប់​តែ​ម្តង​ទៅ»។
លោក​បាន​ឲ្យ​ដឹង​ទៀត​ថា គ្រាន់​តែ​ក្រុមហ៊ុន លី យ៉ុងផាត់ និង អេច អិល អេច ដាក់​ភ្លាម អស់​ព្រៃ​វាល​ល្វឹងល្វើយ ហើយ​ក្នុង​ដែន​អភិរក្ស​គេ​ដាក់​ប៉ុស្តិ៍​កណ្តាល​ព្រៃ​យក​លុយ​តែ​ម្តង គេ​យក​លុយ​មិន​ខ្មាស​អៀន​ទេ ហើយ​មួយ​គោយន្ត​គេ​យក ៥ ម៉ឺន​រៀល​សម្រាប់​បរិស្ថាន ហើយ​ភូមិ​ភាគ​គេ​យក ៣ ម៉ឺន គេ​ដើរ​យក​ពេញ​តែ​ព្រៃ​ហ្នឹង»។
លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ដើម្បី​ការពារ​ព្រៃ ស្រល់ ដែល​នៅ​សល់​ជាង ១ ម៉ឺន​ហិកតា និង​សត្វ​ព្រៃ​ដែល​កំពុង​តែ​រស់​នៅ​បាន​នោះ​គឺ​លោក​មាន​បំណង​ឲ្យ​ក្រុម​ ព្រះសង្ឃ​ឯករាជ្យ​ប្រមាណ​ជា ១២ អង្គ​នៅ​បង្កើត​អាស្រម​ក្នុង​តំបន់​នោះ បើ​មិន​ដូច្នេះ​ទេ​អស់​ហើយ​គ្មាន​សល់​អី​ទេ​ទាំង​ព្រៃ​ទាំង​សត្វ ពី​ព្រោះ សត្វ​ថ្ងៃ​នេះ​ដំរី​ទាំង​តូច​ទាំង​ធំ​មាន ៤៧ ក្បាល ហើយ​ទើប​តែ​កើត​កូន ៤ ថែម​ទៀត។ លោក​បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​មិន​ចង់ឲ្យ​បរិស្ថាន​មក​ជួយ​ការពារ​ទេ​ពី ព្រោះ​មក​តែ​ឃុបឃិត​គ្នា​បាញ់​សត្វ​យក​ភ្លុក​ទៅ​លក់ ហើយ​កាប់​ព្រៃ​ហ្នឹង ខ្ញុំ​ដឹង​ក្រយៅ​អស់​ហើយ។ ខ្ញុំ​ចង់​អភិរក្ស​ដោយ​សារ​តែ​ខ្ញុំ​យល់​ឃើញ​ថា​សត្វ​ទាំង​អស់​នោះ​កំពុង​ រស់​នៅ​ក្នុង​គំនាប​របស់​អ្នក​កាប់​ឈើ»។
លោក​បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​នេះ​ដើម​ឈើ​ធំៗ​រាប់​ពាន់​ដើម​ដែល​ឈ្មួញ​កាប់​គរ​ចោល​នៅ​ក្នុង​ តំបន់​ដែល​ដំរី​កំពុង​រស់​នៅ​នោះ​ពុំ​ទាន់​ដឹក​ចេញ បើ​នៅ​តែ​បណ្តោយ​ឲ្យ​មាន​ឈ្មួញ​កាប់​បែប​នេះ​មួយ​ឆ្នាំ​ក្រោយ​ទៀត​គឺ​ហិន​ ហោច​តែ​ម្តង។ លោក​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា៖​«សុំ​ឲ្យ​មាន​អង្គការ​ណា​មក​ជួយ​អភិរក្ស​ សត្វ​នៅ​ក្នុង​តំបន់​ចុង​ក្រោយ​នេះ​ផង»។
ពលរដ្ឋ​ដែល​កាប់​ឈើ​ប្រមាណ​ជា ១៥ ឆ្នាំ លោក រាម បាន​ឲ្យ​ដឹង​ថា កាល​ពី​ដើម​ឡើយ គ្រញូង នៅ​ពាស​ពេញ​ក្នុង​តំបន់​នេះ​តែ​ម្តង ហើយ​សុទ្ធ​តែ​ជា​ដើម​ឈើ​ធំៗ​ទៀត​ផង តែ​ចាប់​តាំង​ពី​ខាង​ក្រុមហ៊ុន​ចូល​មក​ប្រមាណ ៥ឆ្នាំ ហិន​ហោច​អស់​រលីង។ ដំបូង​គេ​កាប់​យក​ឈើ​គ្រញូង​ធំៗ ក្រោយ​មក​តូច​ល្មម ហើយ​ក្រោយ​មក​ទៀត​គឺ​ទិញ​ទាំង​ឫស។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «យើង​មិន​ចង់​កាប់​ឈើ​ទេ​តែ​បើ​យើង​មិន​កាប់​ក៏​ក្រុមហ៊ុន​គេ​កាប់​អស់​ ដដែល»។
នាង ឌឿន អាយុ ២៤ឆ្នាំ ដែល​ជា​អ្នក​រក​ស៊ី​កាប់​ឈើ​នៅ​ក្នុង​ភ្នំ ឱរ៉ាល់ បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្រុម​របស់​លោក​មក​កាប់​ឈើ​នោះ​មាន ១៥នាក់ ហើយ​ពួក​គាត់​មក​រក​កាប់​ឈើ​ប្រភេទ ធ្នង់ នាង​នួន ហើយ​ឈើ​ដែល​រក​បាន​ហើយ​ថៅកែ​ឡើង​មក​ទិញ​នៅ​ក្នុង​ព្រៃ​នេះ​តែ​ម្តង​ដោយ ក្នុង​មួយ​គុប​តម្លៃ ៦៥០ ដុល្លារ ហើយ​អាជ្ញាធរ​អភិរក្ស​ពុំ​ចាប់​នោះ​ទេ​ដោយ​សារ​តែ​ថៅកែ​គេ​បង់​លុយ​សម្រាប់​ ដឹក​ឈើ​ចេញ។ ឌឿន បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ធ្វើ​ការ​រោងចក្រ​រក​លុយ​មិន​បាន​ច្រើន មាន​តែ​កាប់​ឈើ​លក់​ទេ​ទើប​បាន​លុយ​ច្រើន»។
ឌឿន បាន​ឲ្យ​ដឹង​ថា ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ ២ សប្តាហ៍​ម្តង​នៅ​ពេល​ដែល​សន្សំ​លុយ​បាន ម្នាក់ៗ ១ លាន​រៀល​ឬ ២ លាន​រៀល។ ឌឿន បាន​ឲ្យ​ដឹង​ទៀត​ថា៖ «យើង​ត្រឡប់​ទៅ​ផ្ទះ​វិញ​តាម​គោយន្ត​របស់​ថៅកែ ឈើ​ដែល​គេ​ឡើង​មក​ដឹក​ឈើ»។
ឈើ​ត្រូវ​បាន​កាប់​ដាក់​ជា​គំនរ​រាយប៉ាយ ពេញ​ព្រៃ ហើយ​ផ្លូវ​ចូល​ទៅ​កាប់​ព្រៃ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ ឱរ៉ាល់ ត្រូវ​បាន​ដាក់​មន្រ្តី​ឧទ្យានុរក្ស​បរិស្ថាន នៅ​កណ្តាល​ព្រៃ ដើម្បី​ត្រួត​ពិនិត្យ​អ្នក​ចេញ​ចូល​នៅ​ក្នុង​ព្រៃ ហើយ​ព្រះសង្ឃ​ដែល​ព្យាយាម​ចូល​ទៅ​មើល​ព្រៃ ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចូល អ្នក​ដែល​មិន​ស្គាល់​មុខ​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​មន្ត្រី​អនុរក្ស​ទាំង​ នោះ ដោយ​បង្ហាញ​ឯកសារ​ឬ​ក៏​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋ​មន្ត្រី​ក្រសួង បរិស្ថាន ប៉ុន្តែ​អ្នក​កាប់​ឈើ​គឺ​ចូល​បាន​ដោយ​សេរី​ដោយ​គ្រាន់​តែ​បង់​លុយ ៥ ម៉ឺន​រៀល​សម្រាប់​រទេះ​គោ ឬ​គោយន្ត​មួយ។
លោក អ៊ូច ឡេង ប្រធាន​អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​បាន​ចុះ​ទៅ​ធ្វើ​ការ​ស្រាវជ្រាវ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ ភ្នំ ឱរ៉ាល់ បាន​ឲ្យ​ដឹង​ថា ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ ឱរ៉ាល់ មាន​ទំហំ​សរុប ២៥៣ ៧៥០ ហិកតា​តាម​ព្រះ​រាជក្រឹត្យ​ឆ្នាំ ១៩៩៣។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «តំបន់ ឱរ៉ាល់ ត្រូវ​បាន​វិនាស​ហិន​ហោច​ស្ទើរ​ទាំង​ស្រុង ដោយ​សារ​ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ជូន​ក្រុមហ៊ុន​ឯកជន​ចំនួន ២០ លើ​ផ្ទៃ​ដី​សរុប ១៧០ ០១៦ ហិកតា។ ការ​កាត់​ដី​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ជូន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​អំឡុង​ ពេល​ប្រមូល​ប្រជាប្រិយភាព​គាំទ្រ​ការ​បោះឆ្នោត​ដោយ​ក្រុម​យុវជន​ស្ម័គ្រ​ ចិត្ត​សរុប​មាន​ទំហំ ៦៧ ៥០៧ ហិកតា ដែល​បាន​ផ្តល់​ជូន​ប្រជា​ពលរដ្ឋ​ចំនួន ២៦ ០៣៤ គ្រួសារ។ ជា​សរុប​វិនាសកម្ម​នៃ​ការ​បាត់បង់​ព្រៃ​និង​ដី​សរុប​ទំហំ ២៣៧ ៥២៣ ហិកតា ព្រៃ​នៅ​សល់ ១៦ ២២៧ ហិកតា ស្មើ​នឹង ៦ ភាគរយ ដែល​ជា​តំបន់​កំពូល​ភ្នំ ឱរ៉ាល់។ ដូច​នេះ​តំបន់ ឱរ៉ាល់ បាន​បាត់បង់ ៩៤ ភាគរយ​នៃ​ព្រៃ​ឈើ​នៅ​តំបន់ ឱរ៉ាល់ ទាំង​មូល»។
លោក​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ ឱរ៉ាល់ ត្រូវ​បាន​គេ​កាប់​ឈើ​អស់​ចាប់​ពី​ជើង ភ្នំ​រហូត​ដល់​កំពូល​ភ្នំ​ហើយ​កត្តា​ដែល​ធ្វើ​ឲ្យ​បាត់បង់​ព្រៃ​ឈើ​នោះ ដោយ​សារ ការ​បើក​ដៃ និង​ឃុប​ឃិត​កាប់​បំផ្លាញ​ព្រៃឈើ ដើម្បី​ធ្វើ​មាន​បាន​របស់​អ្នក​ភូមិ​នៅ​ជុំវិញ ឱរ៉ាល់ ជា​ថ្នូរ​នឹង​ការ​ប្រមូល​ប្រាក់​ពី​អ្នក​ដឹក​ឈើ​តាម​រទេះ និង​ក្រុម​ឈ្មួញ​ឈើ។ ការ​ប្រកប​មុខ​របរ​របស់​សមត្ថកិច្ច​វិញ​គឺ​ទិញ និង​ដឹក​ឈើ​លក់​ឲ្យ​ក្រុមហ៊ុន​ធំៗ បន្ត ដូចជា ក្រុមហ៊ុន ទ្រី ភាព ជាដើម ហើយ​វត្តមាន​របស់​រដ្ឋបាល​ព្រៃឈើ និង​ក្រុម​មន្ត្រី​បរិស្ថាន​ក៏​បណ្តាល​ឲ្យ​វិនាស​ព្រៃឈើ​ផង​ដែរ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «អាជ្ញាធរ​បណ្តោយ​ឲ្យ​គេ​កាប់​ឈើ​ឡើង​ត្រងោល​ភ្នំ​អស់​ទៅ​ហើយ ហើយ​រដ្ឋាភិបាល​ក៏​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជន រហូត​ដល់​កំពូល​ភ្នំ​តែ​ម្តង»។
លោក ឈុន ឈៀហេង នាយក​ដែន​ជម្រក​សត្វ ព្រៃ​ភ្នំ ឱរ៉ាល់ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​បដិសេធ​មិន​ឆ្លើយ បំភ្លឺ​ចំពោះ​ការ​ចោទ​ប្រកាន់​នោះ​ទេ​ដោយ​លោក​មាន​ប្រសាសន៍​ថា លោក​ត្រូវ​បាន​ផ្លាស់​ប្តូរ​តួនាទី​មក​នៅ​ក្រសួង បរិស្ថាន។
ចំណែក លោក សឹង ប៊ុនហេន នាយក​រង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ ឱរ៉ាល់ បាន​ថ្លែង​ឲ្យ​ដឹង​ថា លោក​មិន​ខ្វល់​ចំពោះ​ពាក្យ​សម្តី​ដែល​គេ​ថា​មន្ត្រី​របស់​លោក​ឃុប​ឃិត​យក​ លុយ​ពី​ឈ្មួញ​ឈើ​នោះ​ទេ សំខាន់​គឺ​ចុះ​មក​មើល​ជាក់ស្តែង។ លោក​បាន​ថ្លែង​ថា៖ «វា​ពុំ​មែន​ជា​ការ​ពិត​នោះ​ទេ»។
អនុ​ប្រធាន មន្ទីរ បរិស្ថាន​ខេត្ត កំពង់ស្ពឺ លោក នៅ ណាក់ បាន​ថ្លែង​ឲ្យ​ដឹង​ថា លោក​ពុំ​សូវ​ដឹង​ប៉ុន្មាន​ទេ​ទាក់​ទិន​ទៅ​នឹង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ ឱរ៉ាល់ ពីព្រោះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង បរិស្ថាន។ លោក​បាន​ថ្លែង​ថា៖ «យើង​មិន​បាន​ចូល​រួម​ក្នុង​ការ​ត្រួត​ពិនិត្យ​នោះ​ទេ»។
លោក ឧកញ៉ា លី យ៉ុងផាត់ នាយក​ក្រុមហ៊ុន កំពង់ស្ពឺ ស៊ូហ្គើរ​និង ភ្នំពេញ ស៊ូហ្គើរ ពុំ​អាច​ទាក់​ទង​ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាល ពី​ថ្ងៃ​ម្សិលមិញ៕

No comments:

Post a Comment