Thursday, March 27, 2014

គម្រោង​ទំនប់​អារ៉ែង​អាច​ក្លាយ​ជា​កន្លែង​ជីក​រ៉ែ

Thursday, 27 March 2014

ភ្នំពេញ ប៉ុស្តិ៍

20140327_05
ព្រះ​សង្ឃ​ចូលរួម​ការ​ពារ​ព្រៃ​ឈើ​នៅ​ខេត្ត​កោះ​កុង​​​​។ DANIEL QUINLAN
កោះកុងៈ គម្រោង​ទំនប់​វារី​អគ្គិសនី​ដ៏​ចម្រូង​ចម្រាស​បំផុត​មួយ​ នៅ​ជ្រលង អារ៉ែង អាច​ប្រើ​ប្រាស់​ដោយ​ក្រុមហ៊ុន​សាងសង់​ទំនប់​ដ៏​ធំ​បំផុត​របស់​រដ្ឋ ចិន ដើម្បី​ជីក​រ៉ែ ប្រសិន​បើ​ការ​ស្រាវជ្រាវ​សម្រាប់​ទំនប់​នេះ​ដែល​បាន​អនុម័ត​ដោយ​រដ្ឋាភិបាល ​ក្នុង ខែ​កុម្ភៈ រក​ឃើញ​រ៉ែ​ឬ​ថ្ម​មាន​តម្លៃ។
ក្រុមហ៊ុន Sinohydro Resources Ltd ដែល​ជា​ក្រុមហ៊ុន​កាន់​កាប់​មួយ​សម្រាប់​ក្រុមហ៊ុន Sinohydro Group បាន​ទទួល​ការ​ឯកភាព​កាល​ពី​ថ្ងៃ ទី​១៩ ខែ​កុម្ភៈ សម្រាប់​ការ​ខួង​រក​រ៉ែ ការ​កំណត់​ភូមិសាស្រ្ត និង​ការ​សិក្សា​ពី​សម្បទាន​ទំនប់​រយៈ​ពេល ៦ ខែ​ទៀត​ក្នុង​លិខិត​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​លោក ស៊ុយ សែម រដ្ឋ​មន្រ្តី​ក្រសួង រ៉ែ និង​ថាមពល ហើយ​ដែល​ភ្នំពេញ ប៉ុស្តិ៍ បាន​ទទួល​កាល​ពី​សប្តាហ៍​មុន។
លោក ពេជ្រ ស៊ីយ៉ុន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​កោះកុង បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា លោក​មិន​បាន​ដឹង​ទេ​ថា តើ​ក្រុមហ៊ុន​នឹង​រុក​រក​រ៉ែ នៅ​តំបន់​ទំនប់​ឬ​យ៉ាង​ណា​ទេ? លោក​បន្ត​ថា៖ «ប្រសិន​បើ​គេ​រក​ឃើញ​រ៉ែ [នៅ​សម្បទាន​ទំនប់] ហើយ​នឹង​អំពី​ប្រភេទ​រ៉ែ គេ​អាច​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ការ​វិនិយោគ​លើ​ រ៉ែ»។
លោក Leung Ping អភិបាល​ក្រុមហ៊ុន Sinohydro United ជា​សាខា​នៃ​ក្រុមហ៊ុន Sinohydro Group បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​ទេ​ដោយ​លោក​ថា លោក​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​តំណាង​ក្រសួង រ៉ែ និង​ថាមពល កាល​ពី​ថ្ងៃ​ចន្ទ។
លិខិត​មួយ​ដែល​ត្រូវ​បាន​ផ្ញើ​ទៅ​ក្រុមហ៊ុន Siyun អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Sinohydro «ធ្វើ​ការ​រុករក និង​ប្រមូល​ទិន្នន័យ​បន្ថែម​ទៀត​នៅ​ការដ្ឋាន​តំបន់ ជាយអារ៉ែង។
លោក Alex Gonzalez-Davidson នៃ​អង្គការ Mother Nature កម្ពុជា ថ្លែង​ថា៖ «នេះ​ជា​អ្វី​ដែល​យើង​បាន​ភ័យ​ខ្លាច…គេ​បាន​ឲ្យ​អនុវត្ត​គម្រោង​នេះ ព្រោះ​គេ​កំពុង​ធ្វើ​រួច​ហើយ​ធ្វើ​ការ​ស្រាវជ្រាវ​លើ​ទំនប់ ធ្វើ​ការ​កាប់​ឈើ ថែម​ទាំង​ជីក​យក​រ៉ែ»។
ក្រុមហ៊ុន China Guodian ដែល​ជា​អ្នក​កាន់​កាប់​សម្បទាន អារ៉ែង លើក​មុន​បាន​ឲ្យ​ដឹង​ក្នុង​របាយ​ការណ៍​ប្រចាំ​ឆ្នាំ កាល​ពី ខែ​កុម្ភៈ ថា ខ្លួន​បាន​ដក​ខ្លួន​ចេញ​ពី​គម្រោង ព្រោះ​ការ​ស្រាវជ្រាវ​ផ្ទាល់​បាន​បង្ហាញ​ថា ការ​សាងសង់ និង​ដំណើរការ​ទំនប់ ត្រូវ​បាន​បញ្ចប់ ដោយ​សារ​តែ​វា​មិន​អាច​ជោគជ័យ​ផ្នែក​សេដ្ឋកិច្ច។
លោក​ស្រី Ame Trandem ប្រធាន​កម្មវិធី​អាស៊ី​អាគេ្នយ៍​នៅ​អង្គការ​ទន្លេ​អន្តរជាតិ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ដំណឹង​ដែល​ក្រុមហ៊ុន China Guodian បាន​ដក​ខ្លួន​ចេញ​ពី​ទំនប់ ជាយអារ៉ែង គួរ​ជា​សញ្ញា​ព្រមាន​ថ្មីៗ ដែល​នេះ​ជា​គម្រោង​មិន​គួរ​សាងសង់​យ៉ាង​ច្បាស់។ លោក​ស្រី​បន្ថែម​ថា៖ «វា​ជា​មន្ទិល​ថា​តើ ក្រុមហ៊ុន Sinohydro បាន​ពិចារណា​លើ​ការ​វិនិយោគ​នេះ​ឬ​យ៉ាង​ណា​ដែល​ក្រុមហ៊ុន​អភិវឌ្ឍ​ទំនប់​មុន ​បាន​កំណត់​ថា មិន​មាន​លក្ខណៈ​ត្រឹម​ត្រូវ​ផ្នែក​បរិស្ថាន និង​សេដ្ឋកិច្ច​នោះ»។
លោក​ស្រី​បាន​បន្ត​ថា៖ «ដោយ​ពិចារណា​លើ​តំបន់ គេ​អាច​ឆ្ងល់​ថា តើ​គម្រោង​មុខ​ជា​បិទ​បាំង​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់ និង​ការ​បាត់បង់​នា​ថ្ងៃ​អនាគត​នូវ​ព្រៃ​អភិរក្ស​ភ្នំ ក្រវាញ កណ្តាល​ឬ​យ៉ាង​ណា?»។
លិខិត​ដែល​ទទួល​បាន​ដោយ ភ្នំពេញ ប៉ុស្តិ៍ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា បើ​ទោះ​បី​ជា​មាន​ការ​បដិសេធ​ជា​ផ្លូវ​ការ​ក៏​ដោយ ក៏​ប៉ុន្តែ កម្រិត​មួយ​ចំនួន​នៃ​ការ​សាងសង់​ទំនប់​ត្រូវ​បាន​ឯកភាព​រួច​ហើយ។ លិខិត​នោះ​ឲ្យ​ដឹង​ទៀត​ថា៖ «ក្រសួង រ៉ែ និង​ថាមពល បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Sinohydro Resources វិនិយោគ​លើ​ការ​សាង​សង់​ទំនប់ ជាយអារ៉ែង នៅ ខេត្ត​កោះកុង»។
លោក Marcus Hardke នៃ​អង្គការ​អភិរក្ស ARA បាន​ឲ្យ​ដឹង​ថា៖ «វា​ពិត​ប្រាកដ​ថា មិន​មែន​ជា​ការ​ស្រាវជ្រាវ​ទេ។ គេ​នឹង​អាច​ស្រាវជ្រាវ​អំពី​ថ្ម​ខួង​តិច​តួច​ប៉ុន្តែ​មិន​ច្រើន​ទេ។ ខ្ញុំ​សន្មត​ថា ក្រុមហ៊ុន China Guodian បាន​ធ្វើ​ការ​ស្រាវជ្រាវ​ទាំងអស់​ពី​មុន។ គេ​គ្រាន់​តែ​គូស​ប្រអប់ និង​បង់​ឲ្យ​ក្រសួង បរិស្ថាន»។ រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​និយោជិត​ក្រុមហ៊ុន Sinohydro ចំនួន ៦០ នាក់​ធ្វើ​ការ​ពិនិត្យ និង​សាង​សង់។ លិខិត​បន្ត​ថា៖ «ការងារ​នេះ​រួម​មាន ការ​ប្រើ​ប្រាស់​គ្រឿង​ផ្ទុះ​ផង​ដែរ»។
ទោះ​យ៉ាង​ណា លោក Siyun បាន​បដិសេធ​ថា គ្រឿង​ផ្ទុះ​មិន​ត្រូវ​បាន​ប្រើ​ប្រាស់​ទេ។ «គ្រឿង​ផ្ទុះ​នឹង​មិន​ដែល​យក​មក​ប្រើ​ក្នុង​ដំណើរការ​សិក្សា អារ៉ែង ទេ។
ក្រុមហ៊ុន​គ្រាន់​តែ​ខួង​ចូល​ដី​ដើម្បី​សិក្សា​ស្រទាប់​ដី និង​រក​រ៉ែ»។
គេហទំព័រ​បស់​ក្រុមហ៊ុន Sinohydro Resources បាន​ឲ្យ​ដឹង​ថា ខ្លួន «បាន​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍ និង​ការ​វិនិយោគ​លើ​ថាមពល និង​ធនធាន​រ៉ែ​នៅ​ប្រទេស​ផ្សេងៗ ដូច​ជា ប្រទេស​កម្ពុជា»។
នៅ​ពេល​សួរ​អំពី​បញ្ហា​នេះ​កាល​ពី​ថ្ងៃ​ចន្ទ លោក អ៊ិត ប្រាំង រដ្ឋ​លេខាធិការ​នៃ​ក្រសួង រ៉ែ និង​ថាមពល បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​បាន​ដឹង​អ្វី​ទេ»។
អ្នក​ភូមិ​រងគ្រោះ​បាន​ប្រមូល​ផ្តុំ​គ្នា​ទាមទារ​ឲ្យ​បញ្ឈប់​គម្រោង​ដោយ​ នាំ​គ្នា​រាំង​ស្ទះ​ផ្លូវ​ដោយ​សន្តិវិធី និង​រាំង​ស្ទះ​ក្រុមហ៊ុន Sinohydro កុំ​ឲ្យ​ដឹក​ជញ្ជូន​គ្រឿង​ម៉ាស៊ីន​ចូល​ទៅ​ក្នុង​តំបន់​សម្បទាន​កាល​ពី​ សប្តាហ៍​មុន។
លោក​ស្រី Trandem បាន​ថ្លែង​ថា៖ «ដោយ​មាន​កម្មករ​ជាង ៦០ នាក់ និង​គ្រឿង​ម៉ាស៊ីន​ចូល​មក​តំបន់​នេះ អ្នក​ភូមិ​ព្រួយ​បារម្ភ​ត្រឹម​ត្រូវ​ថា នេះ​អាច​ជា​ការ​ចាប់​ផ្តើម​នៃ​សំណង់​ទំនប់»។
«បើ​គិត​អំពី​ជីវចម្រុះ​ផ្សេងៗ វា​ជា​បញ្ហា​ចោទ​ផង​ដែរ​ថា ការ​ប្រើ​គ្រឿង​ផ្ទុះ​ត្រូវ​បាន​អនុញ្ញាត​ក្នុង​អំឡុង​ពេល​ស្រាវជ្រាវ។ ដោយ​ប្រើ​ប្រាស់​គ្រឿង​ផ្ទុះ​ក្នុង​ការ​ស្រាវជ្រាវ​ក្រុមហ៊ុន Sinohydro… ពុំ​គោរព​នូវ​សារៈ​សំខាន់​នៃ​ភាព​ចម្រុះ​និង​បរិស្ថាន​របស់​ជ្រលង អារ៉ែង ទេ៕
រាយការណ៍​បន្ថែម​ដោយ ផាក់ ស៊ាងលី

No comments:

Post a Comment